ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ៖ វិធានការកំណត់ ឲ្យជនបរទេស បង់ប្រាក់ពេលមកកម្ពុជា ដើម្បីស្រាវជ្រាវរកកូវីដ-១៩

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ ក្រសួង សុខាភិបាល បានឲ្យដឹងថា ការអនុវត្តវិធានកំណត់ឲ្យបង់ប្រាក់ ចំពោះជនបទេសចូលមកកម្ពុជា គឺធ្វើឡើងដើម្បីស្រាវជ្រាវ រកជំងឺកូវីដ-១៩ ខណៈបណ្ដាប្រទេសមួយចំនួន មានតម្លៃថ្លៃជាង កម្ពុជាទៅទៀត។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់ គិតថ្លៃសេវាពីជនបរទេស សម្រាប់ការ ធ្វើតេស្តរកមេរោគកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យាបាល អ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរបស់រដ្ឋ។

លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ នៅក្នុងតេឡេក្រាម ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ថា «ការអនុវត្តវិធានការ គឺដើម្បីស្រាវជ្រាវរកករណីវិជ្ជមាន ក្នុងចំណោមអ្នកដែលគាត់ធ្វើដំណើរក្នុងមកកម្ពុជារបស់យើង ពីព្រោះយើងដឹងហើយថា កន្លងមកនេះ ឆ្លងវីរុសកូវីដ-១៩ ភាគច្រើនសុទ្ធសឹងតែ ករណីនាំចូលទេ»។

លោកស្រីបន្ដថា ការប្រុង ប្រយ័ត្នខ្ពស់ នៅតាមច្រកចូលមកកម្ពុជា គឺជាវិធានចាំបាច់ សម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា ហើយក៏ជានីតិវិធីអ្នកដំណើរគ្រប់រូប ត្រូវគោរពវិធានការនានា របស់កម្ពុជា ។ លោកស្រីថា នៅតាមបណ្ដាប្រទេសមួយចំនួន មានការតឹងតែ និងមានតម្លៃថ្លៃជាងកម្ពុជា ចំពោះការធ្វើចត្តាឡីស័ក ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លើកឡើងថា ចំពោះការអនុវត្តវិធានការកំណត់ បង់ប្រាក់ ចំពោះជនជាតិបរទេស ធ្វើដំណើរមកម្ពុជា ក្រសួងមិនទាន់ប៉ាន់ប្រមាណថា វិធានការនេះ ត្រូវបញ្ចប់នៅពេលណានោះទេ ពីព្រោះជំងឺកូវីដ-១៩ នៅតែមានសភាពខ្លាំងក្លា ហើយកម្ពុជាមានវិធានការ គ្រប់ពេលវេលា ដើម្បីទប់ស្កាត់ជំងឺនេះ។

សូមរំលឹកថា មកដល់ពេលនេះ កម្ពុជារកឃើញអ្នកកើតជំងឺ កូវីដ-១៩ ចំនួន១២៩នាក់ ក្នុងនោះ១២៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈ៣នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕

ដោយ ៖ អេង ប៊ូឆេង

To Top