ភ្នំពេញ៖ បន្ទាប់ពីបានឡើង ជាអភិបាលខេត្តកណ្តាល បានប៉ុន្មានខែមក លោក គង់ សោភ័ណ្ឌ ដែលជាអភិបាលខេត្តវ័យក្មេង បានប្តេជ្ញាដោះស្រាយ រាល់ពាក្យបណ្តឹង និងសំណូមពរ របស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត។
លោកអភិបាលខេត្ត បានលើកឡើងក្នុងហ្វេសប៊ុល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ថា “ពាក្យបណ្តឹង និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ នឹងត្រូវដោះស្រាយ ជាបន្តបន្ទាប់ តាមទិដ្ឋភាពច្បាប់ និងទឡ្ហីករណ៍ជាក់ស្តែង”។ លោកថា បើមានការយឺតយ៉ាវយ៉ាងណាក្តី ស្នើសុំពល រដ្ឋយោគយល់អធ្យាស្រ័យផងដែរ។
លោក គង់ សោភ័ណ្ឌ បន្ថែមថា នឹងប្រឹងប្រែងដោះស្រាយ អស់ពីលទ្ធភាព និងសមត្ថភាព។ លោកក៏មិនភ្លេចអរគុណ ដល់សន្តិភាពដែរ។
ការប្តេជ្ញាចិត្តរបស់អភិបាលខេត្តនេះ ក្រោយពីការចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារ តាមដានអំពីការដោះស្រាយ ចំពោះមតិ យោបល់ ឬសំណូមពរ (Comment) របស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕