ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ប្រកាន់យកគោលការណ៍ ធ្វើផ្លូវឲ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាន់យកគោលការណ៍ ធ្វើផ្លូវឲ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ។

ក្នុងឱកាស ចុះពិនិត្យវឌ្ឍនភាព ការងារគម្រោងថែទាំ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ក្នុងភូមិសាស្ត្រ ខេត្តកំពត-ព្រះសីហនុ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដើម្បីចូលរួមថែទាំផ្លូវថ្នល់ ឲ្យបានគង់វង្សជាប់បានយូរ។

លោកមានប្រសាសន៍ថា «ក្រសួងសាធារណការ ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា ប្រកាន់យកគោលការណ៍ ធ្វើផ្លូវឲ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ (ធ្វើខាងមុខ ហើយខូច ធ្វើខាងក្រោយម្ដងទៀត)»។

លោកក៏បានសំណូមពរ ក្រុមហ៊ុនដឹកជញ្ជូនកុំដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ បណ្តាលឲ្យផ្លូវឆាប់ខូច មិនត្រូវប្រើប្រាស់ចិញ្ចើមផ្លូវ ដើម្បីធ្វើអាជីវកម្ម រំលោភ បំពានដីចំណីផ្លូវ និងចូលរួមគោរពច្បាប់ ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

លើសពីនេះទៀត រដ្ឋមន្ដ្រីសាធារណការ ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយក្រសួង ក៏ដូចជារាជរដ្ឋាភិបាល កុំចែករំលែកព័ត៌មានទាំងឡាយណា ដែលមិនមានប្រភពច្បាស់លាស់ ដើម្បីកុំឲ្យក្លាយទៅជាជនរងគ្រោះ នៃការកេងចំណេញ នយោបាយរបស់ជនអគតិ។

សូមជម្រាបថា គម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) ត្រូវបានចាប់ផ្ដើម បើកការដ្ឋានសាងសង់ថែទាំ និងពង្រឹងគុណភាព កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់ រយៈពេល៥៤ខែ គ្រោងចំណាយថវិកា ប្រមាណ ១២.០៦១.៦៨៨,០៥ ដុល្លារក្រោមគម្រោងឥណទាន IDA Credit លេខ.៥៧៨៩-Kh ។

បច្ចុប្បន្នគម្រោងផ្លូវនេះ សម្រេចបាន៧៩,៦០% ក្នុងនោះ រួមមានការសាងសង់ ប្រព័ន្ធប្រឡាយរំដោះទឹក ការងារដាក់ប្រព័ន្ធលូ បំពាក់ស្លាកសញ្ញា សុវត្ថិភាព និងគំនូស សញ្ញាចរាចរណ៍ផងដែរ៕ ដោយ៖ អេង ប៊ូឆេង

To Top