ភ្នំពេញ៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានថ្លែងបញ្ជាក់ថា ពិតជាមានឧប្បត្តិហេតុ រថភ្លើងបុករថយន្តPick up ប្រាកដមែន នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីការបង្ហោះផ្សព្វផ្សាយវីដេអូ អំពីគ្រោះថ្នាក់ រថភ្លើង បុករថយន្ត ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ឈឿន សុចិត្ត បានបញ្ជាក់ថា “គ្រោះថ្នាក់នេះ ពិតជាមែន នៅចំណុចភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល”។
បើតាមលោកស្នងការ ចាត់ទុកករណី គ្រោះថ្នាក់ដូចរថយន្ត និងរថយន្ត រឺម៉ូតូនិងម៉ូតូ វាមិនមែនជារឿងជាចៃដន្យ ប៉ុន្តែបើសម្រាប់រថភ្លើងបុកឡាន “វាជារឿងចម្លែក” នោះក៏ព្រោះតាមធម្មតា រថភ្លើងមុនមកដល់កន្លែងចំណុចផ្លូវបំណែក គឺគេមានសញ្ញា ត្រូវស៊ីផ្លេរបស់គេហើយ។
លោកបានគូសបញ្ជាក់ថា “ប៉ុន្តែវាការខ្វះការប្រុងប្រយ័ត្ន ដែលមិនបានមើលឆ្វេងមើលស្តាំងរបស់គាត់ (អ្នកបើកបររថយន្ត) គាត់ឆ្លងទៅ”។
លោកស្នងការ បន្ថែមថា បារ៉ាសដាក់នៅចំណុចកើតហេតុ គឺមិនមានទេ មានតែផ្លូវធំ។ កន្លងមកមិនដែលមានករណីគ្រោះថ្នាក់នៅចំណុចម្តុំនោះទេ។
លោកស្នងការ ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់គ្នា ពេលមកដល់កន្លែងផ្លូវបំបែកឆ្លងរថភ្លើង សូមឱ្យមានការប្រុងប្រយ័ត្ន និងមើលឆ្វេងមើលស្តាំ។ “បើយើងគិតពីស៊ីផ្លេរបស់រថភ្លើង គឺលឺណាស់”៕
ដោយៈ សយ សុភា