ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី នឹងប្រកាស ដាក់ឲ្យប្រើប្រាស់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងកូវីដ-១៩ នៅថ្ងៃទី២៤មិថុនា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ រាជរដ្ឋាភិបាល នឹងប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២១មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា”ទោះបីខ្ញុំមិនបានចុះទៅជួបបងប្អូនកូនក្មួយដោយផ្ទាល់នៅតាមមូលដ្ឋាន ឬតាមរោងចក្រ សហគ្រាសនានា ប៉ុន្តែសេចក្តីនឹករឮករបស់ខ្ញុំ តែងតែដក់ជាប់នឹកគិតដល់បងប្អូន ជនរួមជាតិគ្រប់ៗគ្នាជានិច្ច ។ ពិតណាស់ក្នុងស្ថានការណ៍ ដែលជំងឺឆ្លងកូវីដ-១៩កំពុងរាតត្បាត នៅទូទាំងពិភពលោក គឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំង មកលើសេដ្ឋកិច្ចជាតិយើងផងដែរ ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួន ត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅតាមជនបទដាច់ស្រយាលមួយចំនួន ក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ” ។

សម្ដេចបានឲ្យដឹងបន្ថែមថា “រាជរដ្ឋាភិបាលកម្ពុជា បានខិតខំរិះរកវិធីនានា ដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋ ក្រីក្រក្នុងស្ថានភាពចាំបាច់នេះ ។ នៅថ្ងៃពុធទី២៤ មិថុនា ខាងមុខនេះ យើងនឹងប្រកាសដាក់ អោយប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ។ សូមបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ថែរក្សា សុខភាព កុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ” ។

ទន្ទឹមនឹងការអនុវត្តន៍ កម្មវិធីផ្តល់សាច់ប្រាក់នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញអនុក្រឹត្យមួយ ស្តីពីការឧបត្ថម្ភថវិកា ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុង ពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះ ។

ក្នុងអនុក្រឹត្យ ដែលចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ បានគូសបញ្ជាក់ថា គ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ៖

  • មានប័ណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និង
  • បានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ ។

ក្នុងអនុក្រឹត្យបានបញ្ជាក់ពី ចំនួនទឹកប្រាក់ត្រូវផ្តល់ ជូនក្នុងមួយខែចន្លោះពី១៦,០០០រៀល ទៅដល់ ១២០,០០០រៀល ។ កម្រិតសាច់ប្រាក់ ដែលត្រូវឧបត្ថម្ភនេះ ធ្វើឡើងតាមប្រភេទ ជនក្រីក្រក្នុងកម្រិត១ ឬកម្រិត២ ហើយក៏បែងចែក ទៅតាមអ្នកនៅក្នុងរាជធានី និងជនបទផងដែរ ។

សម្ដេចនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យក្រុមហ៊ុន និងអ្នកគ្រប់គ្រង នៅតាមទីកន្លែងដែលមានការប្រមូលផ្តុំ មនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសគ្លីនិក និងមន្ទីរពេទ្យព្យាបាល ទាំងរដ្ឋ និងឯកជន ត្រូវមានទឹកអាល់កុល និងម៉ាស ដើម្បីអោយពលរដ្ឋ ឬអតិថិជនប្រើប្រាស់ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ ពីម្នាក់ទៅម្នាក់ ព្រោះតែការមើលស្រាល និងការធ្វេសប្រហែស ។

សូមជូនពរបងប្អូន ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងមានសុខសុវត្ថិភព ក្នុងការធ្វើដំណើរជិតឆ្ងាយ នៅទូទាំងប្រទេស ៕ ដោយ៖ អេង ប៊ូឆេង

To Top