ព័ត៌មានជាតិ

សម្ដេចតេជោ នឹងអញ្ជើញ ពិនិត្យមើលការដ្ឋាន សាងសង់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី២២មិថុនានេះ នឹងអញ្ជើញទៅពិនិត្យមើល ការដ្ឋានសាងសង់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា “នៅព្រឹកថ្ងៃទី ២២ មិថុនា នេះ ខ្ញុំនឹងទៅពិនិត្យមើល ការដ្ឋានសាងសង់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ នៅពេលនេះការសាសង់ ព្រលានយន្តហោះថ្មី គឺសម្រេចបានប្រមាណ ៣០% ហើយ ។ អាកាសយានដ្ឋានថ្មីនេះ ជាប្រភេទ 4F ដែលអាចអោយយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន” ។

សម្ដេចតេជោ សង្ឃឹមថា កម្ពុជានឹងកាន់តែទាក់ទាញ បានភ្ញៀវទេសចរនិងអ្នកវិនិយោគគិន កាន់តែច្រើនឡើង ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ កសាងរួច ។
ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ ប្រមាណ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ អោយបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ ។

សម្ដេចក៏បានសូមជូនពរ បងប្អូនជនរួមជាតិ ជួបតែសំណាងល្អ នឹងចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា” ៕

To Top