ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសអះអាង ប្រាប់ប្រជាសហគមន៍ ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ថា នឹងជួយអភិវឌ្ឍន៍សហគមន៍នេះ ឲ្យក្លាយទៅជា សហគមន៍អេកូទេសចរណ៍ គំរូមួយ នៅខេត្តសៀមរាប។
នេះបើតាមការចុះផ្សាយ របស់ក្រសួង ក្នុងឱកាសលោករដ្ឋមន្រ្តី ចុះសំណេះសំណាល ជាមួយប្រជាសហគមន៍ អេកូទេសចរណ៍ ទឹកជប់ខ្នារពោធិ៍ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។
លោកថោង ខុន បានបញ្ជាក់ថា កន្លងមកក្នុងក្របខណ្ឌក្រុមការងារ អន្តរក្រសួង ក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ ជួយរៀបចំការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ បានមួយចំនួនហើយ ។ សហគមន៍ទេសចរណ៍ទាំងនោះ បានក្លាយជា សហគមន៍គំរូមិនត្រឹមតែថ្នាក់ជាតិទេ តែថ្នាក់តំបន់ និងពិភពលោកពិភពលោកផងដែរ។
រដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា សម្រាប់សហគមន៍អេកូ ទេសចរណ៍ទឹកជប់ខ្នារពោធិ៍ គឺពិតជាមោទកភាពធំសម្រាប់ស្រុកសូទ្រនិគម ក៏ដូចខេត្តសៀមរាប និងប្រទេសជាតិ។
លោកបន្តថា «គេធ្លាប់តែឮព្រៃកោងកាងសមុទ្រ តែនេះ នៅខេត្តសៀមរាប ក៏មានដើមកោងកាង បានដុះជាច្រើនជិត ១០០ហិកតា ហើយត្រូវបានសហគមន៍ ព្រៃឈើក្រោមការយក ចិត្តទុកដាក់ណែនាំពីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថែរក្សាបានយ៉ាងល្អ ដែលនេះជាផលិតផល ទេសចរណ៍ទោលមួយទៀត សម្រាប់ទឹកដីយើង ប្រទេសជាតិយើង ដែលអាចបង្ហាញ និងទាក់ទាញភ្ញៀវទេសចរ បានកាន់តែច្រើននៅតំបន់ សៀមរាបអង្គរនេះ»។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមទៀត ការបញ្ចូល សម្មភាពទេសចរណ៍មួយ ប្រកបដោយការ ទទួលខុសត្រូវអាចនឹងជួយរកចំណូល បន្ថែមឲ្យប្រជាពលរដ្ឋសហគមន៍ បានយ៉ាងច្រើន ប្រសិនបើប្រជាសហគមន៍ ចេះថែរក្សាបានគង់វង្ស និងរួមគ្នាទាញយកផល ប្រយោជន៍ពីព្រៃឈើទាំងអស់នោះ តាមរយៈការរៀបចំឲ្យក្លាយ ជាកន្លែងទេសចរណ៍ ផ្តល់សេវាទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ពិសេសវិធានសុវត្ថិភាព ទេសចរណ៍ អនាម័យ បរិស្ថានស្អាតក្នុងបរិបទនៃដំណាក់កាល Covid -19 នេះ ៕