ព័ត៌មានជាតិ

វិស័យមីននៅកម្ពុជា ឈានដល់របត់មួយ នៃការគ្រប់គ្រងព័ត៌មាន តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាថ្មី

ភ្នំពេញ៖ អាជ្ញាធរមីន និងអង្គការ Mine Advisory Group (MAG) នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីប្រសិទ្ធិភាព នៃការគ្រប់គ្រងព័ត៌មាន ប្រតិបត្តិការនៅទីវាល ក្រោមជំនួយឧបត្ថម្ភគាំទ្រដោយ កម្មវិធីអភិវឌ្ឍន៍និងស្រាវជ្រាវ ការបោសសម្អាតមីនមនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមគេហទំព័រហ្វសប៊ុក របស់អាជ្ញាធរមីន។

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា បានឈានដល់របត់មួយ នៃការគ្រប់គ្រងព័ត៌មាន តាមរយៈការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានថ្មី ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ការគ្រប់គ្រងទិន្នន័យ វិស័យសកម្មភាពមីននៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងសតវត្សរ៍ទី២១នេះ។

អាជ្ញាធរមីន ដែលជាសេនាធិការ ឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្នែកវិស័យសកម្មភាពមីន នឹងបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ដល់គ្រប់ប្រតិបត្តិករ បោស សម្អាត មីនជាតិ-អន្តរជាតិ ដើម្បីធានា ឲ្យការរៀបចំផែនការសកម្មភាពមីន ទទួលបានជោគជ័យ និងស្របតាមផែនការ យុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ គឺកម្ពុជាគ្មានមីនឆ្នាំ២០២៥។

លោកទេសរដ្ឋមន្ត្រី បានបន្តលើកឡើងថា ការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន វិស័យមីននៅទូទាំងប្រទេស គឺជាកត្តាចាំបាច់មួយ ដែលយើងទាំងអស់ ត្រូវយកចិត្តទុកដាក់ និងគិតគូឲ្យទាន់ពេលវេលា ដើម្បីឆ្លើយតបនូវតម្រូវការ របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយអាចទាញយក និងប្រើប្រាស់ព័ត៌មាន ប្រកបដោយគុណភាព និងសុក្រឹតភាព ស្របតាមទំនើបនីយកម្ម នៃបច្ចេកវិទ្យាព័ត៌មានបច្ចុប្បន្ន។

ការរួមចំណែកលើកដំបូង របស់កម្មវិធី HDR&D របស់សហរដ្ឋអាមេរិក តាមរយៈអង្គការ MAG នេះ នឹងជួយពង្រឹង សមត្ថភាពបន្ថែមទៀត ដល់មន្ត្រី-បុគ្គលិកនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ របស់អាជ្ញាធរមីនទូទាំង ២៥ រាជធានី-ខេត្ត ដោយអាចប្រមូលនូវទិន្នន័យ បានលឿនជាងមុន និងអាចរាយការណ៍ មកអាជ្ញាធរមីន បានទាន់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណ ជូនចំពោះ HDR&D និងអង្គការ MAG តំណាង ដោយ លោក Shathel Fahs ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរំដោះផ្ទៃដី និងជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ ឲ្យរួចផុតពីការគម្រាមកំហែង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយនាថ្ងៃនេះ អង្គការ MAG បាននាំមកនូវកម្មវិធី HDR&D ចូលរួមឧបត្ថម្ភគាំទ្រ ការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធគ្រប់គ្រង បច្ចេកវិទ្យាព័ត៌មានវិស័យមីន នៅ ទូទាំងប្រទេស ផងដែរ៕

To Top