ព័ត៌មានជាតិ

ពលរដ្ឋជាង២០គ្រួសារ នៅដីតំបន់ទួលចំប៉ី សាទរចំពោះដំណោះស្រាយ របស់អាជ្ញាធរ ខេត្តកំពង់ចាម

កំពង់ចាម ៖ ប្រជាពលរដ្ឋជាង ២០ គ្រួសារ បានសាទរ និងថ្លែងអំណរគុណ ដល់អាជ្ញាធរ ខេត្តកំពង់ចាម ដែលបានចុះដោះស្រាយ ដីធ្លីរបស់ពួកគាត់ និងចេញប័ណ្ណកម្មសិទ្ធិ ដល់ពួកគាត់ផងដែរ ។

ដំណោះស្រាយបញ្ហាវិវាទដីធ្លីនេះ ត្រូវបានអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២០នេះ បាន ដឹកនាំក្រុមការងារ ចុះដោះស្រាយ និងឯកភាពធ្វើប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋជាង ២០ គ្រួសារ ស្ថិតនៅចំណុចដីទួលចំប៉ី ក្នុងភូមិថ្មី ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋថា ដីនៅតំបន់ទួលចំប៉ីនេះ ដើមឡើយ គឺជាដីទីទួលសុវត្ថិភាព សម្រាប់ទុកឱ្យប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ មកស្នាក់អាស្រ័យ និងសង្គ្រោះសត្វពាហនៈផងដែរ ។ ដូច្នេះដីតំបន់នេះអាជ្ញាធរ មិនបានអនុញ្ញាត ឲ្យចេញប័ណ្ណកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះទេ ។

ប៉ុន្តែកន្លងមកនេះ ដោយអនុវត្តលើគោល នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោយពីអាជ្ញាធរខេត្ត បានចុះពិនិត្យសិក្សា លើដីតំបន់ទួលចំប៉ីនេះ ឃើញថា មានប្រជាពលរដ្ឋ មករស់នៅក្នុងតំបន់នេះ ហើយក៏បានអាស្រ័យផលលើដីនេះផងនោះ ទើបអាជ្ញាធរខេត្ត បានសម្រេច ចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ដោយមានការឯកភាព ពីប្រជាពលរដ្ឋយល់ព្រមកាត់ផ្ទៃដី ២០ភាគរយ ជូនដល់អាជ្ញាធរខេត្ត ដើម្បីទុកធ្វើជាទីទួលសុវត្ថិភាព សម្រាប់ឱ្យប្រជាពលរដ្ឋ មកស្នាក់នៅបណ្ដោះអាសន្ន ក្នុងពេលមានទឹកជំនន់ ។

សូមរំលឹកផងដែរថា នៅក្នុងដំណោះស្រាយចុងក្រោយនេះ ប្រជាពលរដ្ឋមាន សេចក្តីត្រេកអរ និងថ្លែងអំណរគុណ ជូនពរសព្វសាធុការ ដល់អាជ្ញាធរខេត្ត ជាពិសេសសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែបានយកចិត្តទុកដាក់ ជួយដោះស្រាយដល់ប្រជាពលរដ្ឋ ក្នុងពេលមានទុក្ខលំបាក ។

To Top