ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងការងារ ជំរុញឲ្យបន្ត យកចិត្តទុកដាក់ ដោះស្រាយ ការទាមទារ របស់ពលរដ្ឋ និងបងប្អូនកម្មករ និយោជិត ឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឲ្យគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា (គ.ក.ប) គ្រប់កំរិតរួមទាំងរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយនូវអ្វីដែលជាបញ្ហា នៃការទាមទារ របស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក គណៈកម្មការសម្រាប់ ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និង កម្លាំងមានសមត្ថកិច្ច មន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈរាជធានី-ខេត្ត ត្រូវបន្តចូលរួមសហការគ្នា ឱ្យបានកាន់តែជិតស្និតថែមទៀត ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្នុងការដោះស្រាយ នូវសំណូមពរ ការទាមទារ ដែលអាចទទួលយកបានស្រប តាមច្បាប់ និងបទបញ្ញតិជូន ដល់ប្រជាពលរដ្ឋ និងបងប្អូនកម្មករ និយោជិតហើយបន្ត ចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត ចំពោះជនទាំងឡាយណា ដែលមានចេតនា ក្នុងការញុះញង់ បង្កបញ្ហាដល់សង្គម និងខាតបង់ ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ដោយធ្វើឱ្យខូចសណ្តាប់ធ្នាប់ សាធារណៈ បង្កជាអំពើហិង្សា បិទផ្លូវសារធារណៈ ការគប់ឬវាយបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ ឯកជន ការរាំងមធ្យោបាយដឹកជញ្ជូនទំនិញរបស់រដ្ឋ ឬឯកជន ការបង្ករបួសស្នាម ការគំរាមគំហែងកម្មករ មិនឱ្យចូលធ្វើការ។ល។

ទន្ទឹមនឹងនេះ ប្រធានអង្គប្រជុំ ក៏បានស្នើអោយបន្តការផ្សព្វផ្សាយ ការយល់ដឹង ជូនដល់បងប្អូនកម្មករ និយោជិត នៅតាមកន្លែងធ្វើការផ្ទាល់ ពីអ្វីដែលជាផលវិបាក ដោយសារជំងឺកូវីត១៩ និងវិធាការនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីជួយសម្រួល ដល់ប្រក្រតីភាព នៃអាជីវកម្ម ផលិតកម្ម របស់រោងចក្រ សហគ្រាស ក៏ដូចជាការ ជួយឧបត្ថម្ភគាំទ្រ ដើម្បីសម្រួលដល់ជីវភាពរស់នៅ របស់បងប្អូនកម្មករនិយោជិត ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ។

ការស្នើឡើងបែបនេះ ធ្វើឡើងនាឱកាស លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គ.ក.ប អញ្ជើញដឹកនាំកិច្ចប្រជុំ វិសាមញ្ញ របស់គណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ ក្នុងគោលបំណងផ្សព្វផ្សាយ ផែនការ ស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (២០២០-២០២៤) និងបទបញ្ជា លេខ ០១ បប ស្តីពីការអនុវត្តផែនការ ស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (២០២០-២០២៤) ជាពិសេសក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ ។

ក្នុងនាមជាប្រធាន គណៈកម្មការសម្រាប់ដោះស្រាយ បញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) លោកអ៊ិត សំហេង ក៏បានស្នើដល់ គណៈបញ្ជាការឯកភាព និងគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម រាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ត្រូវមានផែនការអនុវត្តក្នុងភូមិសាស្រ្តរបស់ខ្លួន។ រាល់ករណីកូដកម្ម បាតុកម្មដែលកើតឡើងនៅតាមភូមិសាស្រ្តណាមួយ គណៈបញ្ជាការឯកភាព និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅ តាមគ្រប់មុខសញ្ញានោះ ត្រូវទទួលខុសត្រូវ ដឹកនាំបញ្ជាដោះស្រាយរាល់ ករណីជាក់ស្តែងនីមួយៗ និងត្រូវខិតខំដោះស្រាយ ឱ្យអស់លទ្ធភាព ជាពិសេសត្រូវក្តាប់ នូវមូលហេតុ នៃបញ្ហា ភស្តុតាង និងមុខសញ្ញា ជនឱកាសនិយម ដែលញុះញង់ ឬធ្វើសកម្មភាពខុសច្បាប់ ។ ត្រូវខិតខំការពារសន្តិសុខ សុវត្ថិភាព ជូនសហជីពបងប្អូនកម្មករ និយោជិត ដែលធ្វើកូដកម្ម បាតុកម្មស្របច្បាប់។ ក្នុងករណីមានអំពើហិង្សា ត្រូវចាត់វិធានការតាមនីតិវិធី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចុះជួបជាប្រចាំជាមួយកម្មករ និយោជិត នៅតាមតំបន់ផ្ទះជួល ឬស្នាក់នៅរបស់កម្មករ និយោជិត ដើម្បីក្តាប់ឱ្យបាននូវស្មារតី ស្ថានភាពរស់នៅ បញ្ហាថ្លៃបន្ទប់ ថ្លៃអគ្គិសនី ថ្លៃទឹកស្អាត និងសំណូមពរ របស់កម្មករ និយោជិត ព្រមទាំងពិនិត្យហានិភ័យនានា ដែលអាចកើតមាន ចំពោះកម្មករ និយោជិត នៅក្នុងតំបន់ភូមិសាស្ត្ររបស់ខ្លួន ។ ផ្តល់លេខទូរស័ព្ទទំនាក់ទំនង របស់ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ក្នុងករណីកម្មករនិយោជិត ត្រូវការ ប្រើប្រាស់សេវា ផ្នែកច្បាប់ផងដែរ ៕

To Top