ព័ត៌មានជាតិ

អន្ដរក្រសួង បន្តពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជំពូក២

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើជំពូក ទី២ មាត្រា២៦ នៃផ្នែកទី៥ ស្ដីពីការចុះបញ្ជីកំណើត។

លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានប្រសាសន៍ថា «ភាគីពាក់ព័ន្ធទាំងអស់គ្នាសុទ្ធតែមានបំណងចង់ធ្វើឲ្យសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ប្រព្រឹត្តទៅដោយល្អរលូន ជាពិសេសធ្វើឲ្យសេចក្ដីព្រាងច្បាប់នេះ អនុវត្តដោយប្រសិទ្ធភាពខ្ពស់ ផងដែរ»។

បន្ថែមពីនេះទៀត លោកស្រី ក៏បានសំណូមពរអង្គប្រជុំថា ចំពោះចំណុចណាចង់កែសម្រួល ឬកែតម្រូវបន្ថែមត្រូវតែបញ្ជាក់ពីអំណះអំណាង និងហេតុផលឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការបន្ត កិច្ចការ ជាមួយគ្នាកាន់តែមានប្រសិទ្ធ។

សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន ១២ជំពូក និង១៦៩មាត្រា ។ 

មានគោលបំណងរួមដូចខាងក្រោម៖

ទី១-ធានាឲ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។

ទី២-ធានាឲ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។

ទី៣-ធានាថា ការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។

ទី៤-ធានាឲ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុ កូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល។

និងទី៥-ធានានូវការគោរពសិទ្ធិមនុស្ស ការទទួល បានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋាន សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។

ជាងនេះទៅទៀត ច្បាប់មានវិសាលាភាព អនុវត្តចំពោះជនគ្រប់រូបនៅលើទឹកដីកម្ពុជា និងប្រជាពលរដ្ឋខ្មែរ រស់នៅឯបរទេស។

សូមរំលឹកថា រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុ កូលដ្ឋាន និងអត្តសញ្ញាណកម្មនេះចំនួន៦លើកហើយ៕ ដោយ អេង ប៊ូឆេង

To Top