ព័ត៌មានជាតិ

លោក រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យគម្រោង អភិវឌ្ឍន៍ អាងទឹករក្សា នៅតាមបណ្តោយស្ទឹងសែន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យគម្រោង អភិវឌ្ឍន៍អាងទឹករក្សា មានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលទំនប់ខាងឆ្វេង ស្ថិតនៅក្នុងឃុំពុទ្រា ស្រុកជ័យសែន និងទំនប់ខាងស្តាំ ស្ថិតនៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ។

គម្រោងអភិវឌ្ឍន៍អាងទឹករក្សា បានចាប់ផ្តើមធ្វើការសាងសង់កាលថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. ដែលរហូតមកដល់ពេលនេះសម្រេចការងារសាងសង់បានប្រមាណ ៤១,៥% ហើយ ។
លើទំហំការងាររួមមាន ៖

  • សាងសង់ទំនប់បេតុង មានប្រវែង 50 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 24,5 ម៉ែត្រ និងសាងសង់សំណង់ទ្វារទឹកសរុបចំនួន 03 កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ 4 ម៉ែត្រ x 4 ម៉ែត្រ ។
  • ទំនប់ដី (ខាងឆ្វេង) មានប្រវែង 998,6 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 11 ម៉ែត្រ ។
  • ទំនប់ដី (ខាងស្តាំ) មានប្រវែង 1.656,4 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 11 ម៉ែត្រ ។
  • ទំនប់ដីរង មានប្រវែងសំណង់សរុប 655 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 7 ម៉ែត្រ ។
  • សំណង់បង្ហៀ មានប្រវែងសំណង់សរុប 251 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 24,5 ម៉ែត្រ មានទ្វារទឹកសរុបចំនួន 20 កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ 10 ម៉ែត្រ x 14,5 ម៉ែត្រ ។

សូមបញ្ជាក់ជូនថា បន្ទាប់ពីការសាងសង់រួច ទំនប់អាងទឹករក្សា អាចស្តុកទឹក បានចំនួនប្រមាណ 256,9 លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹក ស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្ម លើផ្ទៃដីទំហំប្រមាណ 143.323 ហិកតា នៅរដូវវស្សា និងប្រមាណ 22.878 ហិកតា នៅរដូវប្រាំង ( ទំនប់ អាងទឹក រក្សា មាន ទីតាំង នៅ ក្នុង ខេត្ត ព្រះវិហារ តែ លទ្ធភាព នៃ ការ ស្រោច ស្រព ភាគ ច្រើន ស្ថិត នៅ ក្នុង ខេត្ត កំពង់ ធំ ) ទន្ទឹមនឹងនេះ ទំនប់អាងទឹករក្សា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយនូវគ្រោះទឹកជំនន់ និងការ ផ្គត់ផ្គង់ទឹកស្អាត តាមតំបន់មួយចំនួន នៅផ្នែកខាងក្រោម ព្រមទាំងបម្រើ ដល់វិស័យទេសចរណ៍ផងដែរ ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យជាក់ស្តែងនេះ លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារ ដែលសម្រេចតាមផែនការ គ្រោងទុក ក្រោមកិច្ចសហការយ៉ាងល្អ ប្រសើររវាងក្រុមការងារ អនុវត្តគម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ។

លោករដ្ឋមន្រ្តី បានណែនាំបន្ថែមលើការងារ ដែលត្រូវអនុវត្តបន្ត ដើម្បីធានាគុណភាពសំណង់ មានភាពរឹងមាំយូរអង្វែង សម្រាប់ បម្រើជាប្រយោជន៍ ដល់ការងារបង្កបង្កើនផល និងជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ។

គម្រោងអភិវឌ្ឍន៍អាងទឹករក្សារនេះ ជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្តព្រះវិហារ ដែល កើតឡើងក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើ ឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រ និងបច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ ក្នុងភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព ៕

To Top