ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាំប្រភេទកូនឈើប្រណិតៗ ប្រមាណជាជិត ២០០០ដើម នៅតាមសងខាង បណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញ ជាទីក្រុងដែលមាន ពណ៌បៃតង និងបរិស្ថានល្អប្រសើរ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយ នឹងអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ និងដាំកូនឈើប្រណិតៗ នៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងខណ្ឌដង្កោរ ដោយចាប់ផ្ដើមដាំ ពីស្តុបចំការដូង រហូតដល់រង្វង់មូលគួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាល ហើយប្រភេទដើមឈើ ដែលត្រូវដាំ ជាប្រភេទឈើប្រណិត ដោយដាំអមសងខាងផ្លូវ ចន្លោះពីគ្នាប្រមាណ៨ម៉ែត្រ ហើយជាគម្រោង ដើមឈើដែលត្រូវដាំ នៅតាមបណ្តោយផ្លូវនេះ មានប្រមាណ ១៨៤០ដើម លើចំងាយផ្លូវប្រវែង ៧គីឡូម៉ែត្រសងខាង (ស្មើ ១៤គីឡូម៉ែត្រ)។
ក្នុងកិច្ចប្រជុំនោះដដែរនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការណែនាំ ទៅដល់អាជ្ញាធរខណ្ឌ មន្ទីរកសិកម្ម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី និងក្រុមហ៊ុនទទួលម៉ៅការ ក្នុងការដាំដើមឈើនេះ ត្រូវចុះធ្វើការសិក្សា ទីតាំងដែលត្រូវដាំ និងធ្វើវេទិកាសាធារណៈ ដើម្បីបង្ហាញពីគោលបំណង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលថា យើងនឹងដាំដើមឈើ នៅតាមដងផ្លូវនេះ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ ២១៧នេះ ចូលរួមសហការ និងថែទាំដើមឈើ ដែលបានដាំ នៅមុខផ្ទះ របស់ពួកគាត់ឲ្យបានល្អ។
ពាក់ព័ន្ធនឹងការដាំដើមឈើ ប្រណិតៗនេះដែរ លោកឃួង ស្រេង ក៏បានធ្វើការណែនាំ ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែសិក្សាឲ្យបានច្បាស់លាស់មុន ការដាំដើមឈើទាំងនេះ ដោយត្រូវគិតគូរ អោយបានរួចរាល់ អំពីទំហំនៃគម្រោងពង្រីកផ្លូវ ខាងលើក៏ដូចជា គិតគូរពីការដាក់ប្រព័ន្ធលូ អោយហើយស្រេច ជៀសវាងមានបញ្ហា យើងកាប់ដើមឈើចោល វាពិតជាសោគស្តាយ។
លោកស្រី គឹម ញឹប បានមានប្រសាសន៍ លើកឡើងផងដែរថា ចំពោះគម្រោង នៃការដាំដើមឈើប្រណិតៗ នៅតាមបណ្តោយផ្លូវ២១៧នេះ លោកស្រីបានគាំទ្រ យ៉ាងពេញទំហឹង ដោយយើងអាចការពារ បាននូវការរំលោភចំណីផ្លូវ ពីសំណាក់ប្រជាពលរដ្ឋ មួយចំនួន៕






