ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ ទូតជប៉ុនប្រចាំកម្ពុជា ថា កម្ពុជា មិនរង់ចាំដល់ជំងឺ កូវីដ-១៩ចប់ ទើបស្តារសេដ្ឋកិច្ចនោះទេ តែកម្ពុជាធ្វើការស្តារសេដ្ឋកិច្ចដំណាលគ្នាតែម្តង ជាក់ស្តែងមានកិច្ចការងារធំៗជាច្រើន ដែល កំពុងអនុវត្តជាប់ជាប្រចាំ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (H.E, MIKAMI Masahiro) ឯកអគ្គ រាជទូតជប៉ុន ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហា ផ្ទៃ សម្តេច ស ខេង បានថ្លែងថា ការចូលរួមចំណែកផ្តល់កិច្ចសហការយ៉ាងសកម្ម នៅក្នុង បេសកកម្មរបស់ ទូតជប៉ុន តាមរយៈការជួយឧបត្ថម្ភ ដែលជាការរួមចំណែករបស់ រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ជូនមកដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ទោះបី ជាប្រទេសជប៉ុនកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងជំងឺនេះ យ៉ាងណាក៏ដោយ ដែលកាយវិការ និងទឹកចិត្តដ៏ល្អនេះ គឺមិនអាចកាត់ថ្លៃបានឡើយ។
ក្នុងឱកាសនោះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានអបអរសាទរ ចំពោះវិធានការរបស់រាជរដ្ឋា ភិបាលកម្ពុជា ដែលបានដាក់ចេញជាបន្តបន្ទាប់នាពេលកន្លងមក ហើយលោកថ្លែងអំណរ គុណចំពោះកម្ពុជា តែងតែជួយសម្រួលលើបញ្ហារផ្សេងៗ ក្នុងស្ថានភាពនៃជំងឺ កូវីដ-១៩ ជាពិសេស ទាក់ទងទៅនឹងការសម្រួលបញ្ហាទិដ្ឋាការដល់ប្រជាពលរដ្ឋជប៉ុន ដែលកំពុងតែរស់ នៅប្រទេសកម្ពុជា។
លោកចាត់ទុកថា ជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការជួយដល់ជីវភាពរស់នៅ របស់ ប្រជាជនជប៉ុន ហើយក៏ជាការបញ្ជាក់ឲ្យឃើញពីកិច្ចសហប្រតិ្តបត្តិការដ៏ល្អរវាង រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ។
លោករំលឹកថា ក្នុងស្ថានភាពនៃជំងឺ កូវីដ-១៩ រាជរដ្ឋាភិបាលជប៉ុន បានជួយគាំទ្រលើវិស័យ សុខាភិបាលកម្ពុជា ដែលបានជួយដោយផ្ទាល់ទៅកាន់ក្រសួងសុខាភិបាល ហើយក៏ជួយទៅដល់អង្គការអន្តរជាតិនានាដូចជា អង្គការIOMជាដើម។
ជាមួយគ្នានេះ ឯកអគ្គរាជទូតជប៉ុន ក៏មានបំណងចង់ស្តាប់នូវមតិយោបល់របស់ រដ្ឋមន្ដ្រីម ហាផ្ទៃ ទាក់ទងទៅនឹងវិធានការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដើរទន្ទឹមជាមួយនឹងវិធាន ការស្តារសេដ្ឋកិច្ចកម្ពុជា ក្នុង និងបន្ទាប់ពីវិបត្តិ កូវីដ-១៩។
ជាការឆ្លើយតប សម្ដេចក្រឡាហោម បានឲ្យដឹងថា ទាក់ទងទៅនឹងវិធានការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ជំងឺ កូវីដ-១៩ ដោយកម្ពុជាស្តាសេដ្ឋកិច្ច ឡើងវិញ តាមរយៈការយកចិត្តទុកដាក់គិតគូរ ជាបន្តបន្ទាប់លើសុខទុក្ខប្រជាពលរដ្ឋ ជាក់ស្តែងដូចកាលពីព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការអនុវត្តនូវគោលនយោបាយ លើការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្តេចក្រឡាហោម មានប្រសាសន៍ថា « កម្ពុជាមិនរង់ចាំដល់ជំងឺនេះចប់ ទើបស្តារសេដ្ឋកិច្ច នោះទេ តែកម្ពុជាធ្វើការស្តារដំណាលគ្នាតែម្តង ជាក់ស្តែងមានកិច្ចការធំៗជាច្រើន ដែលកំពុង អនុវត្តជាប់ជាប្រចាំ ដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា កំពុងតែដំណើរការ ដោយ មិនមានការផ្អាកនោះទេ»៕