ស្វាយរៀង ៖លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្រ្ត មណ្ឌលស្វាយរៀង និងប្រតិភូអមដំណើរ បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ១៩វត្ត នៃខេត្តស្វាយរៀង ដែលពិធីត្រូវបានរៀបចំឡើង នៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។
លោកស្រីក៏បានផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរ តែងតែគិតគូរខ្ពស់ ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកស្រីបានថ្លែងលើកឡើងទៀតថា ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។
លោកស្រីក៏បានស្នើឲ្យ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៃរលកទី២ ដោយគោរពនិងអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ ក្រសួងសុខាភិបាល និងសូមឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹង ឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ។
ទៀនព្រះវស្សា ទេយ្យវត្ថុ និងថវិការរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមការងារ បានប្រគេន ១៩វត្ត រួមមាន ៖ ទៀនព្រះវស្សា ១គូរ ប្រេង ៣០លីត្រ អង្ករ ៥០គីឡូក្រាម មី ៣កេស ទឹកក្រូច ៤កេស ទឹកសុទ្ធ ៤កេស ទឹកដោះគោ ១កេស ស្ករ ស ១០គីឡូក្រាម តែ ៦កញ្ចប់ ធូប ១ដុំ ទៀនតូច ១គីឡូក្រាម មីសួរ ១គីឡូក្រាម ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប អំបិល ២គីឡូក្រាម ប៊ីចេង១គីឡូក្រាម ត្រីខ ១កេស ចង្ហាន់ ១ស្រាក់ ថវិកាមួយចំនួន រួមជាមួយ កូនឈើក្នុង ១វត្ត ១០ដើម រួមមាន បេង ក្រញូង និង ផ្តៀក ៕