Covid-19

សសកច ចែកអំណោយមនុស្សធម៌ ដល់អ្នកសារព័ត៌មានកម្ពុជា ៥០នាក់ ដែលជួបការលំបាក ក្នុងដំណាក់កាលកូវីដ១៩

ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីចែកអំណោយ ជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះកង្វះខាតជីវភាពចំនួន ៥០នាក់ ក្នុងអំឡុងពេលប្រឈមនឹង ការរាតត្បាតជម្ងឺកូវីដ១៩ នៅកម្ពុជា ក្នុងទីស្នាក់ការកណ្តាល សសកច អគារសមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ទេស សារ៉ារិទ្ឋ សហប្រធានភាគីកម្ពុជា បានថ្លែងទៅកាន់អង្គពិធី ដោយបានសាកសួរសុខទុក្ខ ដល់បងប្អូនអ្នកសារព័ត៌មាន ដែលមានវត្តមាននាឱកាសនេះ។ លោកបានបន្ថែមថា ទោះបីជាអំណោយចែកជូន នៅគ្រានេះមិនមានចំនួនច្រើនក្តី ប៉ុន្តែវាបានរួមចំណែកជួយ ការលំបាកខ្លះៗដល់បងប្អូន អ្នកសារព័ត៌មានយើងក្នុងអំឡុងពេលនេះ ។

លោក លីវ ស៊ាវគ័ង សហប្រធានភាគីចិន បានថ្លែងចាប់អារម្មណ៍ផងដែរថា ការចែកជូននាពេលនេះ គឺទៅតាមធនធានដែល សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ស្នើសុំជំនួយពីសប្បុរសជននានា ដែលបានឧបត្ថម្ភដល់ ដំណើរការនាពេលនេះ។ លោកក៏បានបេ្តជ្ញាខិតខំ ប្រឹងប្រែងបន្ថែមទៀត នៅក្នុងការស្វែងរកមូលនិធិ ដើម្បីចែកជូនដល់បងប្អូន អ្នកសារព័ត៌មានខ្មែរឱ្យបានកាន់តែច្រើន ថែមទៀតនាពេលអនាគត។ លោកក៏បានក្រើនរំលឹកដល់ បងប្អូនអ្នកសារព័ត៌មានថែរក្សាសុខភាព និង ចូលរួមទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ១៩ ជាមួយក្រសួងសុខាភិបាល។

លោក មាស ឫទ្ឋី តំណាងសមាជិក គណៈនាយកសសកច បានលើកឡើងថា ការចែកជូននាពេលនេះ គឺបង្ហាញនូវសេចក្តីនឹករលឹក ដ៏ជ្រាលជ្រៅ ជូនចំពោះបងប្អូនអ្នកសារព័ត៌មាន ជើងចាស់ដែលជួបកង្វះខាត នៅក្នុងជីវភាពពេលនេះ ។

សសកច ក៏នឹងរៀបចំពិធីចែកអំណោយ ជូនអ្នកកាសែតចំនួន ៥០នាក់ផ្សេងទៀត នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលទាំងពីរលើកនេះមានចំនួនសរុប ១០០នាក់ ។

សសកច សូមថ្លែងអំណរគុណ ដល់សប្បុរសជននានា ដែលបានឧបត្ថម្ភគាំទ្រចំពោះ សកម្មភាពមនុស្សធម៌នាពេលនេះ ៕

To Top