ព័ត៌មានជាតិ

ភាគីពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ ពិធីបុណ្យផ្កាយ អនឡាញ២០២០ ចាប់ពីថ្ងៃទី១១-១២ កក្កដា

ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) និងមជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន (JFAC) នឹងរៀបចំនូវព្រឹត្តិការ ណ៍ «ពិធីបុណ្យផ្កាយអនឡាញ២០២០» ចាប់ពីថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ជំនួសឲ្យព្រឹត្តិការណ៍ ដែលធ្វើជារៀងរាល់ឆ្នាំគឺ «ពិធីបុណ្យផ្កាយ» ដែលរៀបចំឡើងតាំងពី ឆ្នាំ២០០៤ ក្នុងគោលបំណងបន្តជំរុញ ការផ្លាស់ប្តូរវប្បធម៌រវាង ជប៉ុន-កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាពេល ថ្មីៗនេះឲ្យដឹងថា តាណាបាតា ឬពិធីបុណ្យផ្កាយ គឺជាព្រឹត្តិការប្រពៃណីមួយរបស់ជប៉ុន ដែលតែងតែប្រារព្ធឡើង នៅថ្ងៃទី៧ ខែកក្កដា នៅប្រទេសជប៉ុន ដែលរំឮកដល់រឿង របស់គូស្នេហ៍មួយគូ នៅឋានសួគ៌ គឺនារីតម្បា ញ និងបុរសគង្វាលគោ ដែលអ្នកទាំងពីរត្រូវបានបំបែកចេញពីគ្នាដោយទន្លេអាម៉ាណូហ្គាវ៉ា ហើយត្រូវបានអនុញ្ញាត ឱ្យជួបគ្នាវិញ តែម្តងគត់ក្នុងមួយឆ្នាំគឺនៅថ្ងៃទី ៧ ខែកក្កដា។ នៅថ្ងៃនោះ ប្រជាជនជប៉ុន សរសេរបំណងប្រាថ្នារបស់ពួកគេ ហើយព្យួរនៅលើដើមឫស្សី ដើម្បីឲ្យទទួលបានដូចបំណង។

ស្ថានទូតជប៉ុន បន្ដថា ក្នុងអំឡុងពេល «ពិធីបុណ្យផ្កាយអនឡាញ២០២០» នៅក្នុងប្រទេស កម្ពុជានឹងធ្វើការតុបតែងដើមឫស្សីនៃពិធីបុណ្យផ្កាយ នៅស្ថានទូតជប៉ុន។ស្ថានទូតជប៉ុន អញ្ជើញសារធារណៈជនចូលរួមកម្មវិធី «ពិធីបុណ្យផ្កាយអនឡាញ២០២០» ដោយផ្ញើបំណងប្រាថ្នា របស់លោក លោកស្រី ចាប់ពីថ្ងៃទី ២៣ ខែមិថុនា ដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២០ មកកាន់យើងខ្ញុំ។

ស្ថានទូតជប៉ុន បន្ថែមថា រាល់បំណងប្រាថ្នារបស់លោក លោកស្រី នឹងត្រូវព្យួរនៅលើមែក ដើមឫស្សី នៅស្ថានទូតជប៉ុន ជាមួយនឹងគ្រឿង តុបតែងលំអដទៃទៀត ហើយដើមឫស្សីនោះ នឹងត្រូវបានបង្ហាញ នៅក្នុងវីដេអូ ប្រកាសបើកនៃ «ពិធីបុណ្យផ្កាយ អនឡាញ២០២០» ។ បំណងប្រាថ្នាមួយចំនួន ក៏នឹងត្រូវបានជ្រើសរើស សម្រាប់ធ្វើជាកម្រងរូបថត នៃបំណងប្រាថ្នា ដែលនឹងដាក់បង្ហាញ នៅលើគេហទំព័រ ពិធីបុណ្យផ្កាយ អនឡាញ២០២០ផងដែរ ៕

To Top