ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងរាជ រដ្ឋាភិបាលអញ្ចើញចូលក្រាបថ្វាយបង្គំគាល់ ទទួល ព្រះរាជទានជាព្រះរាជទ្រព្យទ្វេចំនួន២លានដុល្លារ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
ក្នុងនោះ ព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ ចំនួន ១លានដុល្លារ និងព្រះរាជទ្រព្យ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរចំនួន ១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្តាត់ការរីករាលដាល នៃជំងឺ COVID-19 ៕



