បច្ចុប្បន្នភាព
ក្នុងរយៈពេលជិត៤ឆ្នាំ រហូតដល់ឆ្នាំ២០២០នេះ ប្រទេសចិនបានពង្រីក ឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងតំបន់ ទាំងខាងនយោបាយ សេដ្ឋកិច្ច និងទាំងខាងយោធា ដែលនាំអោយមានការប៉ះទង្គិចគ្នា ជាញឹកញាប់ជាមួយតំបន់ និងប្រទេសពាក់ព័ន្ធ ដូចជាកោះតៃវ៉ាន់ ទីក្រុងហុងកុង ប្រទេសវៀតណាម និងប្រទេសឥណ្ឌាជាដើម ។
ការឆ្លៀតឱកាស ពង្រីកឥទ្ធិពលរបស់ចិន ត្រូវបានធ្វើឡើងខណៈដែលសហរដ្ឋអាមេរិក កំពុងជាប់ខ្លួនក្នុងបញ្ហាផ្ទៃក្នុង ដូចជាជម្លោះរវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ក្បួនបាតុកម្មប្រឆាំង ការរើសអើងជាតិសាសន៍ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារ ការឆ្លងរាលដាលវីរុសCovid-19 និងផលប៉ះពាល់ពីសង្គ្រាម ពាណិជ្ជកម្ម ។
នៅសល់ពេលមិនដល់មួយ ឆមាសទៀតទេ សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ហើយលោក ដូណាល់ ត្រាំ ក៏ខិតខំប្រឹងប្រែងដើម្បីជាប់ឆ្នោតជាប្រធានាធិបតីនៅអាណត្តិទី២ដែរ ដែលមូលហេតុនេះហើយ បានជាលោក ត្រាំ គិតតែរឿងពីបញ្ហាក្នុងប្រទេសច្រើនជាបញ្ហាក្រៅប្រទេស ដែលជាឱកាសរបស់ប្រទេសចិន ។
ខណៈដែលចិនពង្រីកឥទ្ធិពលនេះ បណ្តាប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិក បានស្គាល់ភាពតានតឹងខ្លាំងជាងពេលណាៗទាំងអស់ នៅពេលដែលជម្លោះចិន និងអាមេរិកកំពុងឡើងកំដៅ នៅគ្រប់វិស័យ ហើយចុងក្រោយនេះ ទំនាក់ទំនងរវាងចិនជាមួយអូស្ត្រាលី និងឥណ្ឌា ក៏កំពុងចាប់ដើមល្អក់កករខ្លាំងណាស់ដែរ ។
ចិន បានផ្តើមដាក់ទណ្ឌកម្មលើអូស្ត្រាលី ដែលហ៊ានទាមទារឲ្យមានការស៊ើបអង្កេតរកប្រភពកើតដំបូងនៃវីរុសCovid-19 ដែលបានផ្ទុះឡើងនៅទីក្រុង អ៊ូហាន ហើយកាលពីពេលថ្មីៗនេះ កងទ័ពចិន និងឥណ្ឌាទើបតែបានប្រយុទ្ធគ្នាដោយកម្លាំងបាយ ដែលបណ្តាលអោយបាត់បង់ជីវិតកងទ័ពនៃប្រទេសទាំងពីររាប់សិបនាក់ ។
ដើមចមនាំអោយកើតរឿង
សមុទ្រចិនខាងត្បូង គឺជាគោលពង្រីកឥទ្ទិពលរបស់ចិន ដោយប្រទេសនេះ បានបូមខ្យាច់ចាក់ភ្ជាប់កូនកោះតូចៗអោយទៅជាកោះធំមួយ ដោយចិននឹងដាក់ពង្រាយកងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍ជាច្រើនប្រភេទទៀត ដែលគម្រោងរបស់ចិននេះហើយ ដែលធ្វើអោយសហរដ្ឋអាមេរិកឈឺក្បាល និងខ្វល់ខ្វាយច្រើន ។
សន្និដ្ឋាន៖ តើអាមេរិកមានអ្វីដើម្បីទប់ឥទ្ធិពលចិននៅសមុទ្រចិនខាងត្បូង?
ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងនេះដែរ រដ្ឋាភិបាលចិន បានព្រមានពីការបង្កើនវត្តមានកងទ័ពអាមេរិកនៅអាស៊ី-ប៉ាស៊ីហ្វិក ខណៈដែលអាមេរិកបានបង្កើនបេសកកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រមាណជាង៣សែន៦ម៉ឺននាក់ និងបញ្ជូននាវាចម្បាំងប្រមាណ៦០ភាគរយមកកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រជែងឥទ្ធិពលចិនក្នុងតំបន់ ។
គេកត់សម្គាល់ថា អតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្នុងរយៈពេលកាន់តំណែង៨ឆ្នាំ អតីតប្រធានាធិបតីរូបនេះ បានបញ្ជូននាវាចម្បាំងមកកាន់សមុទ្រចិនខាងត្បូងតែ៤លើកប៉ុណ្ណោះ ប៉ុន្តែលោក ដូណាល់ ត្រាំ បានកាន់តំណែងជាប្រធានាធិបតីអាមេរិកមិនដល់៤ឆ្នាំផង បានបញ្ជូននាវាចម្បាំងមកសមុទ្រចិនខាងត្បូងដល់ទៅ២២លើក ។
ផលប៉ះពាល់
ផលប៉ះពាល់ដែលអាចកើតមាននៅពេលខាងមុខ នៅត្រង់ថា ដោយសារវិបត្តិវីរុសCovid-19 ប្រទេសនីមួយៗគិតតែរឿងផ្ទាល់ខ្លួន ហើយពិភពលោកហាក់បាត់ក្បាលម៉ាស៊ីនដឹកនាំ ជាពិសេសនៅពេលដែលមហាអំណាចអាមេរិក គិតរវល់តែបញ្ហាក្នុងស្រុក ។
ប្រទេសតូចតាចនៅក្នុងតំបន់ អាចនឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ លើផ្នែកនយោបាយ និងសេដ្ឋកិច្ច ប្រសិនបើប្រទេសមហាអំណាចចិន និងអាមេរិក បានប៉ះទង្គិចគ្នាដោយផ្ទាល់ ឬដោយប្រយោល ៕ ដោយៈ អិន ជិន