ព័ត៌មានជាតិ

នគរបាលជាតិ និងសមាគម សហភាពយន្ត នៃកម្ពុជារួមគ្នា ផលិតខ្សែរភាពយន្ត អប់រំ ចំនួន៣ ដើម្បី សុ វត្តិភាព ចរាចរណ៍ផ្លូវគោក

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ និង សមាគមសហភាពយន្ត នៃកម្ពុជា បានរួមគ្នាផលិត ខ្សែភាពយន្ដអប់រំខ្លីចំនួន៣ ដើម្បី សុវត្តិភាព ចរាចរណ៍ ផ្លូវគោកជាពិសេស ចូលរួមកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផងដែរ។

សូជម្រាបថា ខ្សែរភាពយន្តខ្លី ចំនួន៣ដែលត្រូវថត រួមមាន ៖ ទី១-រឿងព្រោះតែអូន ,ទី២-រឿងមហាវិថីគ្រោះថ្នាក់ និងទី៣-វិប្បដិសារីឪពុកខ្ញុំ។

ក្នុងកម្មវិធី ក្រុងពាលី ផលិតរឿងខ្លីអប់រំដើម្បីសុ វត្តិភាពចរាចរណ៍ ផ្លូវគោកនារសៀល ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នៅសមាគមសហភាពយន្ត នៃកម្ពុជាឧត្តមសេនីយ៍ទោ ឡុងធូ អនុប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ការផលិតខ្សែភាពយន្តអប់រំខ្លី ចំនួន៣នេះ គឺធ្វើឡើង ស្របពេលជាមួយ យុទ្ធនាការរបស់ រដ្ឋាភិបាលដែលដាក់អនុវត្តការ រឹតបន្តឹង ច្បាប់ ចរាចរណ៍ ផ្លូវគោក។

លោកបញ្ជាក់ថា ” ការផលិតខ្សែភាពយន្តខ្លីនេះ គឺបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីបញ្ជ្រាបការយល់ដឹង អំពីច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកដល់ប្រជាពលរដ្ឋ ។ នេះ គឺជាសិល្បៈ មួយ ដើម្បីចូលរួម កាត់បន្ថយភាពក្រីក្រ នៅក្នុងសង្គម”។

ជាងនេះទៅទៀត លោករំពឹងទុកថា បន្ទាប់ពីសហការ ជាមួយសមាគម សហភាពយន្ត នៃ កម្ពុជាផលិត ខ្សែភាពយន្តខ្លីចំនួន៣នេះ ប្រជាពលរដ្ឋប្រាកដជា ទទួលការយល់ដឹង ច្រើនអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបានប្រើប្រាស់ ផ្លូវធ្វើដំណើរឲ្យបានត្រឹមត្រូវ ជៀសផុតពី គ្រោះថ្នាក់ចរាចរណ៍ ។

សូមរលឹកថា ចាប់តាំងពីការអនុវត្តការ រឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកពីថ្ងៃទី១ ខែឧសភា រហូតដល់ត្រឹម ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ គឺមាន រយៈពេល៥៦ ថ្ងៃ ក្នុងនោះ ករណី គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ចំនួន៤១៤ លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ២២៤នាក់ និងរបួស ជាង៧០០ នាក់ ក្នុងនោះ របួសធ្ងន់មាន ចំនួនជាង៤០០ នាក់ ។

ចំណែក យានយន្ត ដែល ត្រួតពិនិត្យ និង ផាកពិន័យមមានចំនួន ជាង៧ម៉ឺន ៦ពាន់ គ្រឿង ដោយ ក្នុងនោះ ម៉ូតូមាន ចំនួន ជាង ៥ម៉ឺន ៦ពាន់ គ្រឿង និង រថយន្តមាន ចំនួន ជាង ២ ម៉ឺន គ្រឿង ៕ ដោយ ៖ អេង ប៊ូឆេង

To Top