Covid-19

សសកច បន្តចែកអំណោយមនុស្សធម៌ ដល់អ្នកសារព័ត៌មាន ៥០នាក់ទៀត ដែលជួបការលំបាក ក្នុងដំណាក់កាលកូវីដ១៩

ភ្នំពេញ៖ ក្នុងអំឡុងពេលប្រឈម នឹងការរាតត្បាតជម្ងឺកូវីដ១៩ នៅកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) ក៏បានរៀបចំពិធីចែកអំណោយ ជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះកង្វះខាតជីវភាពចំនួន ៥០នាក់បន្ថែមទៀត ដែលធ្វើនៅទីស្នាក់ការកណ្តាល សសកច អគារ សមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ លោក ទេស សារ៉ារិទ្ឋ សហប្រធានភាគីកម្ពុជា បានថ្លែងទៅកាន់អង្គពិធី ដោយបានសាកសួរសុខទុក្ខ ដល់បងប្អូនអ្នកសារព័ត៌មាន ដែលមានវត្តមាននាឱកាសនេះ។ លោកបានបន្ថែមថា ទោះបីជាអំណោយចែកជូន នៅគ្រានេះមិនមានចំនួនច្រើនក្តី ប៉ុន្តែវាបានរួមចំណែកជួយ ការលំបាកខ្លះៗដល់បងប្អូនអ្នកសារព័ត៌មាន យើងក្នុងអំឡុងពេលប្រឈមនឹងជម្ងឺកូវីដ១៩។

ចំណែក លោក លីវ ស៊ាវគ័ង សហប្រធានភាគីចិន ក៏បានថ្លែងចាប់អារម្មណ៍ផងដែរថា ការចែកជូននាពេលនេះ គឺទៅតាមធនធានដែល សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ស្នើសុំជំនួយពីសប្បុរសជននានា ដែលបានឧបត្ថម្ភដល់ ដំណើរការនាពេលនេះ។

លោកបានបន្ថែមថា ការជួបវិបត្តិជម្ងឺកូវីដ១៩ រួមទាំងសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ក៏រងផលប៉ះពាល់ដូចគ្នា ប៉ុន្តែទោះបីយ៉ាងណា យើងខ្ញុំក៏ស្វះស្វែងរក ជំនួយពីសប្បុរសជន ទាំងអស់ដែលនៅក្នុងស្រុកនេះ ដើម្បីព្យាយាមឱ្យបានចែករំលែក ដល់សហភាតាដែលជា អ្នកសារព័ត៌មានដូចគ្នា ក្នុងឱកាសដ៏លំបាកនេះ។ យើងសង្ឃឹមថា ក្នុងរយៈពេលខ្លីៗខាងមុខនេះ ពួកយើងនឹងឆ្លងផុតការលំបាក ដែលកើតឡើងដោយជម្ងឺកូវីដ១៩។

លោកបន្តថា សសកច បានបង្កើតឡើងចំនួន ២ឆ្នាំមកហើយ ការគាំពារអ្នកសារព័ត៌មានគឺជាទិសដៅ ជាបេសសកម្មរបស់យើង ហើយកាលពីឆ្នាំកន្លងទៅ យើងបានជួយអ្នកសារព័ត៌មានចំនួន ៥០នាក់ ទៅពិនិត្យសុខភាពដោយឥតគិតថ្លៃ។ ក្រៅពីការចែកអំណោយ ដល់អ្នកសារព័ត៌មាន យើងក៏នឹងខំប្រឹងទាក់ទង មន្ទីរពេទ្យផ្សេងទៀតដើម្បីផ្តល់ ការពិនិត្យសុខភាពដោយឥតគិតថ្លៃ។ លោកក៏បានក្រើនរំលឹកដល់ បងប្អូនអ្នកសារព័ត៌មានថែរក្សាសុខភាព និង ចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ជាមួយក្រសួងសុខាភិបាល ។

ក្នុងនោះដែរ លោក សយ សុភាព តំណាងសមាជិក គណៈនាយកសសកច បានលើកឡើងថា សមាគមនឹងបន្តស្វះស្វែងរក មូលនិធិដើម្បីចែកជាអំណោយ ដល់បងប្អូនគ្រួសារអ្នកសារព័ត៌មាន ឱ្យបានកាន់តែច្រើនថែមទៀត។

សសកច បានរៀបចំពិធីចែកអំណោយ ជូនអ្នកកាសែតចំនួន ២លើក គឺនៅថ្ងៃព្រហស្បតិ៍ និង ថ្ងៃសុក្រ ទី២៥,២៦ ខែមិថុនា ឆ្នាំ២០២០ ដែលមានអ្នកសារព័ត៌មានសរុបចំនួន ១០០នាក់ ។

សសកច ក៏បានថ្លែងអំណរគុណ​ ដល់សប្បុរសជននានា ដែលបានឧបត្ថម្ភគាំទ្រ ចំពោះសកម្មភាពមនុស្សធម៌នាពេលនេះ ៕

To Top