ព័ត៌មានជាតិ

ក្រុមការងារ ប.ស.ស.ខេត្តព្រៃវែង ចុះសួរសុខទុក្ខ កម្មកររោងចក្រ សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកអ្នកលឿង និងផ្តល់ប្រាក់វិភាជន៍ ជាសោហ៊ុយបូជាសព ក្នុងមួយគ្រួសារ ៤លានរៀល

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារ ប.ស.ស. សាខាខេត្តព្រៃវែង បានអមដំណើរ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ថោង វរលក្ខណ៍ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង ចុះសួរសុខទុក្ខបងប្អូន កម្មកររោងចក្រ ដែលកំពុងសម្រាកព្យាបាល របួសនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ខេត្តព្រៃវែង ដែលបានរងគ្រោះថ្នាក់ ចរាចរណ៍ នៅលើផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨:៤០នាទី។

លោកអភិបាលខេត្ត និងតំណាងរាស្ត្រខេត្ត ព្រមទាំងក្រុមការងារ ប.ស.ស. ខេត្តព្រៃវែង បានជូនពរដល់បងប្អូនកម្មករ និយោជិត ដែលរងរបួសទាំងអស់ ឲ្យឆាប់ជាសះស្បើយ ដើម្បីឆាប់បានវិលត្រលប់ មកប្រកបជីវភាពរស់នៅ ជាប្រក្រតីទ្បើងវិញ។

លុះព្រឹកថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោក វាសនា ជីវី អនុប្រធានការិ.ប.ស.ស.សាខាខេត្តព្រៃវែង និងក្រុមការងាររួមដំណើរ ដោយអភិបាលរង ស្រុកព្រះស្តេច បានអញ្ជើញចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសព ព្រមទាំងផ្តល់ប្រាក់ វិភាជន៍ជាសោហ៊ុយបូជាសព ដល់ក្រុមគ្រួសារសពចំនួន ៨លានរៀល រួមទាំងអត្ថប្រយោជន៍រ បបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ដល់គ្រួសារជនរងគ្រោះ ចំនួន០២នាក់ ដែលជាសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៨:៤០នាទី កើតឡើង រវាងរថយន្ដដឹកដី បើកបញ្រ្ចាសទិសជ្រុលទៅបុកឡាន ដឹកកម្មករចំណុចកើតហេតុ ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៧ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សូមបញ្ជាក់ជូនថា សមាជិក ប.ស.ស.ចំនួន០២នាក់ដែលស្លាប់នោះមាន ទី១-ឈ្មោះ យ៉ែម វណ្ណា ភេទស្រីអាយុ៣០ឆ្នាំ រស់នៅឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង និងទី២-ឈ្មោះ លន់ ចន្ថា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង៕

To Top