ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានឲ្យដឹងថា រយៈពេល៦ ខែ ឆ្នាំ២០២០ មានវិស័យឯកជន ចុះកិច្ចសន្យាផលិតកម្ម កសិកម្មជាមួយ នាយកដ្ឋានកសិ- ឧស្សាហកម្ម មានចំនួន៥១៦ករណី ។ នេះយោងតាមគេហទំព័រ ហ្វេសប៊ុក លោក វេង សាខុន ។
ក្នុងពិធីចុះកិច្ចសន្យា ផលិតកម្មកសិកម្ម ស្តីពី ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត ផ្គត់ផ្គង់ ចែកចាយផលិត ផល កសិកម្ម កាលពីថ្ងៃទី២៥ មិថុនា លោក វេង សាខុន បានថ្លែងថា ពិតជាឆ្លុះបញ្ចាំងឲ្យឃើញ ពីការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឆ្លើយតបទៅនឹងអភិក្រម «រដ្ឋ- ឯកជន-ដៃគូអភិវឌ្ឍន៍ និង សហគមន៍» ដែលជាគំរូមួយដ៏ល្អសម្រាប់ឈានទៅបន្តអនុវត្តកិច្ចសន្យា នេះឲ្យបានទូលំ ទូលាយគ្រប់ផ្នែក នៃវិស័យកសិកម្ម។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ជាក់ស្តែងមកទល់ពេលនេះ វិស័យឯកជន បានចុះកិច្ចសន្យា ផលិតកម្មកសិកម្មជាមួយ នាយកដ្ឋានកសិ-ឧស្សាហកម្ម ក្នុងឆ្នាំ២០១៩ សរុបចំនួន៤៩៨។ ហើយគ្រាន់តែ ៦ខែដើម ឆ្នាំ២០២០នេះ យើងបានចុះកិច្ចសន្យា ចំនួន៥១៦ករណី»។
ឆ្លៀតឱកាសនោះ រដ្ឋមន្ត្រីកសិកម្ម បានផ្តល់អនុសាសន៍ សំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការ ផ្សព្វផ្សាយ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឲ្យបានទូលំទូលាយ និងមានប្រសិទ្ធ ភាព ដោយត្រូវសហការ និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍នានា ក្រុមហ៊ុន រោងចក្រ សហគ្រាសកែច្នៃផលិតផលកសិកម្ម ទាំងអស់នេះគឺដើម្បីពង្រឹង និងពង្រីកយន្តការផលិតកម្ម កសិកម្មធានាឲ្យបានទាំងបរិមាណ គុណភាព ស្តង់ដារផលិតដោយអនុវត្តបច្ចេកវិទ្យាចុង ក្រោយ និង នវានុវត្តន៍ថ្មី ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងបរិបទបច្ចុប្បន្ន៕
ដោយ ៖ អេង ប៊ូឆេង