ភ្នំពេញ ៖ បញ្ហាស្ទះចរាចរណ៍ ការបើកបរលឿន ជែងគ្នា បញ្ហាដី ហុយ ខ្សាច់ជ្រុះធ្លាក់ ការចុចស៊ីប៉្លេយ៉ាងកងរំពង ពីរថយន្តធំៗ ដែលតែងតែកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ២១A ជាបញ្ហាអាទិភាពទីមួយដែលអាជ្ញាធរពាក់ព័ន្ធ និងអាជីវករកំពុងប្រកបអាជីវកម្ម ទាំងនេះ ត្រូវតែចូលរួមដោះស្រាយជាបន្ទាន់។
នេះជាប្រសាសន៍លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
បញ្ហាក្តីកង្វល់របស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ២១A ចាប់ពីសង្កាត់ ព្រែកសំរោង ដល់សង្កាត់ស្វាយរលំ ត្រូវបានលើកមកជជែកពិភាក្សា និងរកដំណោះស្រាយរួមគ្នានារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកគង់ សោភ័ណ្ឌ ។
អភិបាលខេត្តបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវចូលរួមគោរពច្បាប់ និងស្របតាមលក្ខណៈបច្ចេកទេស ដោយត្រូវគោរពតាមការណែនាំដូចតទៅ៖
-រាល់អាជីវកម្មដែលដែលកំពុងធ្វើបច្ចុប្បន្ន បើរកឃើញថាពុំមានច្បាប់អនុញ្ញាត ត្រូវតែបិទតែម្តង
-រថយន្តដឹកដី ដឹកខ្សាច់ទាំងអស់ ត្រូវមានតង់កៅស៊ូ ដើម្បីគ្របឱ្យបានជិតល្អ មុននឹងធ្វើចរាចរណ៍
-ត្រូវលាងកង់រថយន្ត ឱ្យបានស្អាត មុននឹងចេញពីទីតាំងដឹកជញ្ជូន
-សម្រាប់រថយន្តដែលបិទស្កុតខ្មៅលើកញ្ចក់ និងបាំងវាំងនន កែច្នៃស៊ីប៉្លេ ខុសបច្ចេកទេស អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការច្បាប់ជាបន្ទាន់
-ដេប៉ូ ដែលមានទីតាំងមិនសមស្រប ខុសលក្ខណៈបច្ចេកទេស មិនត្រូវផ្តល់អាជ្ញាប័ណ្ណជាដាច់ខាត
-ចំពោះអាជីវកម្ម ដែលបានចេញអាជ្ញាប័ណ្ណរួចរាល់ ហើយ គណៈកម្មាការចម្រុះ នឹងធ្វើការត្រួតពិនិត្យស្រាវជ្រាវឡើងវិញ បើរកឃើញថា មានភាពមិនប្រក្រតី ឬមិនគោរពច្បាប់ដែលមានចែង មិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ នឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន៕