Covid-19

កូវីដ១៩៖ សម្ដេច ទៀ បាញ់ បន្តអំពាវនាវដល់ពលរដ្ឋ កុំជួបជុំមនុស្សច្រើន និងរក្សាគម្លាតឆ្ងាយពីគ្នា

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឲ្យបន្តការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសកុំជួបជុំ ការប្រមូលផ្ដុំមនុស្សច្រើន និងត្រូវរក្សាគម្លាតសុវត្ថិភាព នៅឆ្ងាយពីគ្នា ដើម្បីបន្តចូលរួមទប់ស្កាត់ ការរីករាលដាលកូវីដ១៩។

តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា បើទោះជា កម្ពុជា មិនធ្លាប់មានករណីបាត់បង់ជីវិត ដោយសារកូវីដ១៩ យ៉ាងណាក៏ដោយ និងមានអត្រាជាសះស្បើយ ច្រើនយ៉ាងណាក្តី តែស្ថានភាពនៃការ គំរាមកំហែងពីមេរោគកូវីដ១៩ គឺនៅមានកម្រិតខ្ពស់នៅឡើយ។

សម្ដេចបន្តថា “ហេតុនេះ សូមបងប្អូនបន្តចៀសវាង ការជួបជុំដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃ ជាមួយសាប៊ូឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា កុំចាកចេញពីផ្ទះបើមិនចាំបាច់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់វិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ” ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លង់កូវីដ១៩ សរុបចំនួន ១៣៩នាក់ (ស្រ្តី៤០នាក់ បុរស៩៩នាក់) ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១២៩នាក់ ខណៈ ១០នាក់ កំពុងសម្រាកព្យាបាល ៕

ដោយ៖ ធី លីថូ

To Top