កំពង់ចាម ៖ ទន្ទឹមនឹងពិភពលោក រួមទាំងប្រទេសកម្ពុជាផងនោះ បានជួបនូវវិបត្តិជំងឺកូវីដ19 ក្រៅពីជំរុញការដាំដុះ អាជ្ញាធរខេត្តកំពង់ចាម បានបង្កើតផ្សារចុងសប្តាហ៍ សម្រាប់អោយលក់ដូរ និង ផ្សព្វផ្សាយ ផលិតផលកសិកម្ម ដើម្បីជួយជ្រោមជ្រែង ដល់ប្រជាកសិករ ។
នារសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០នេះ ខណៈពេលលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យតូបលក់ដូរនោះ លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា ផ្សារចុងសប្តាហ៍ មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម ក្រោមគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) បានរៀបចំផ្សារ ចុងសប្តាហ៍ដំណើរការ ចាប់ពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៧-២៨ ខែមិថុនា ឆ្នាំ២០២០នេះ មានទីតាំង នៅមុខមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម តាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម។
លោកបន្តថា ផ្សារចុងសប្ដាហ៍ មានលក់បន្លែសុវត្តិភាព និងសេរីរាង្គផ្លែឈើ ដែលដាំដុះដោយក្រុមកសិករ ក្នុងខេត្តកំពង់ចាម និងមានលក់មាន់ស្រែ, អង្ករ ,ម្សៅដំឡូងមី និងផលិតផលកសិកម្ម កែច្នៃដោយសិប្បករ ក្នុងខេត្តជាច្រើនមុខទៀត។
លោក ឈាង បូរិន បានឲ្យដឹងទៀតថា ការបង្កើត ផ្សារចុងសប្ដាហ៍ អាជ្ញាធរខេត្តកំពង់ចាម មានគោលបំណង-ផ្សព្វផ្សាយពីផលិតផលកសិកម្ម ដែលផលិតដោយក្រុមកសិករ និងសហគមន៍កសិកម្ម អ្នកប្រមូលទិញ សហគ្រាសនានា ដែលគាំទ្រដោយគម្រោងជំរុញ ទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងមានបំណងបង្កើតឱកាសសម្រាប់ក្រុមកសិករ ផលិតចាប់ដៃគូរអាជីវកម្ម ជាមួយអ្នកប្រមូលទិញធំៗ ក្នុងតំបន់ និងក្រៅតំបន់ ដើម្បីឆ្លើយតប តាមតម្រូវការទីផ្សារ និងបង្កើនផលិតភាព និងផលិតកម្ម ។ ពោលគឺបង្កើតភាព អង់អាចដល់កសិករ ក្នុងវិស័យកសិពាណិជ្ជកម្ម និងជម្រុញឲ្យមានប្រជាជន គាំទ្រផលិតផលខ្មែរ ឲ្យបានច្រើនជា អតិបរិមាផងដែរ។