ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានអញ្ជើញគោរព វិញ្ញាណក្ខន្ធសព នាយឧត្ដមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២:៤នាទីទៀបភ្លឺ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងប្រតិភូក្រសួងមហាផ្ទៃ បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិស ដល់ដួងវិញ្ញាណក្ខន្ធសព នាយឧត្ដមសេនីយ៍ ចក់ ឡេង និងអញ្ជើញជួបសុន្ទនា ជាមួយលោកស្រី ខៀវ ហុង ព្រមទាំងក្រុមគ្រួសារ ក្នុងបរិយាកាសប្រកបដោយ សេចក្ដីក្រៀមក្រំ និងអាឡោះអាល័យ ចំពោះការទទួលមរណភាព របស់លោកនាយឧត្ដមសេនីយ៍ ចក់ ឡេង។
បន្ទាប់មក សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បាន អញ្ជើញប្រគល់ជូនលោកស្រី ខៀវ ហុង ព្រមទាំងក្រុមគ្រួសារ នូវបបច្ច័យចូលរួម ក្នុងពិធីបុណ្យសព នាយឧត្ដមសេនីយ៍ ចក់ ឡេង និងបានបន្តអញ្ជើញដឹកនាំ ប្រតិភូក្រសួងមហាផ្ទៃ ចុះហត្ថលេខា លើសៀវភៅក្រាំងមាស ដែលសម្ដេចក្រឡាហោម បានសរសេរចារទុក ជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធសព នាយឧត្ដមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់នាយរដ្ឋមន្រ្តី នៃកម្ពុជាផងដែរ។
មរណភាព របស់នាយឧត្ដមសេនីយ៍ ចក់ ឡេង មិនត្រឹមតែជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ ដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារ ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជាការបាត់បង នូវឥស្សរជនជាន់ខ្ពស់មួយរូប របស់ជាតិ ដែលបានលះបង់ កម្លាំងកាយ និងប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ ចូលរួមកសាងសង្គមជាតិ។
សម្ដេចក្រឡាហោម ស ខេង មានសេចក្ដីសង្វេគ សោកស្ដាយជាអនេក ប្រកបដោយសមានទុក្ខក្រៀមក្រំ និងរន្ធត់ក្ដុកក្ដួល ឥតឧបមា ចំពោះមរណភាពរបស់សព នាយឧត្ដមសេនីយ៍ និងបានចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំនេះជាមួយ ក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្ដមសេនីយ៍ ចក់ ឡេង បានសោយសុខ ក្នុងសុគតិភពកុំ បីឃ្លាងឃ្លៀតឡើយ៕