ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រារព្ធពិធី សូត្រមន្ត ឡើងអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ ព្រមទាំងឥស្សរជន ជាថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គណបក្ស ប្រជាជនកម្ពុជា ជាច្រើនរូបផ្សេងទៀត បាននិងកំពុងអញ្ជើញ ចូលរួមក្នុងពិធីសូត្រមន្ត ឡើងអគារទីស្នាក់ការថ្មី របស់គណបក្សប្រជាជនកម្ពុជា។

វិធីសូត្រមន្តឡើងអាគាថ្មីនេះ គឺប្រារព្ធឡើង ចំនឹងថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើត គណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១- ២៨ មិថុនាឆ្នាំ២០២០)។ អគារថ្មី នៃទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ពោរពេញដោយប្រណិតភាព និងធំយ៉ាងស្កឹមស្កៃ កណ្តាលរាជធានីភ្នំពេញ ក្នុងយុគ្គសម័យ នៃការអភិវឌ្ឍដ៏រុងរឿងនោះ ត្រូវបានសាងសង់រួចរាល់ ជាស្ថាពរហើយ។ វត្តមានថ្មី នៃអគារទីស្នាក់ការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា នឹងក្លាយទៅជាកន្លែង ប្រតិបត្តិការងារដ៏សំខាន់ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស កំពុងដឹកនាំរាជរដ្ឋាភិបាល និងទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាជាតិ និងប្រជាជនកម្ពុជា។

វិមានដ៏ធំស្កឹមស្កៃនេះ គឺបង្ហាញពីសាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំ នៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំ ជាងគេបំផុត នៅក្នុងប្រទេស ដែលតែងតែទទួល បានការបោះឆ្នោតគាំទ្រ ពីប្រជាពលរដ្ឋ អោយបន្តដឹកនាំ និងអភិវឌ្ឍន៍ ប្រទេសជាតិ អោយកាន់តែរីកចម្រើន ទៅមុខ។

សូមរំលឹកថា អគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជានេះ មានបណ្ដោយ ១៥០ម៉ែត្រ ទទឹង៧៤ ម៉ែត្រ កម្ពស់៤៨ម៉ែត្រ។ ជាន់ផ្ទាល់ដី មានចំណតរថយន្ត ជាង ៥០០ចំណត និងទីធ្លាមុខអាគារ អាចចតរថយន្ត បាន៣០០គ្រឿង។ ចំណែក នៅជាន់លើ គឺមានសាលសម្រាប់ប្រជុំ ជាលក្ខណៈមហាជន ឬក៏មិទ្ទិញ បានចំនួន ប្រមាណជា ១ម៉ឺននាក់។ អគារនេះ មានកម្ពស់៥ ជាន់ ដោយមានសាល បដិសណ្ឋារកិច្ច មានក្រឡាផ្ទៃ ប្រមាណ៣ពាន់ម៉ែត្រក្រឡាដែលអាចដាក់មនុស្ស អង្គុយបានប្រមាណជាង ៤,០០០នាក់, មានអាហារដ្ឋាន នៅផ្នែកខាងត្បូងអាគារ ដែលអាចដាក់មនុស្សបានចំនួន១២០នាក់ ក្នុងមួយពេល។

ជាងនេះទៅទៀត អគារគណបក្សប្រជាជនកម្ពុជាថ្មី ក៏បង្ហាញឲ្យឃើញ ពីភាពរឹងមាំ និងជានិមិត្ត រូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យ របស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបាន សម្រាប់ជាតិ និងប្រជាជនកម្ពុជា តាំងពីអតីតកាល បច្ចុប្បន្ន និងទៅ អនាគតកាល៕

To Top