ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ ភ្នំពេញមិនមានករណី លួចបើកខារ៉ាអូខេ និងក្លឹបកម្សាន្ត អំឡុងពេល ទប់ស្កាត់កូវីដ១៩

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា សព្វថ្ងៃពុំមានករណី លួចដំណើរការអាជីវកម្ម ខារ៉ាអូខេ ឬក្លឹបកម្សាន្ត និងបៀហ្គាឌិនណាមួយ ជុំវិញមូលដ្ឋានរាជធានីភ្នំពេញ ក្នុងអំឡុង ពេលយុទ្ធនាការ ទប់ស្កាត់ការីករាលដាល វីរុសកូវីដ១៩ នោះឡើយ ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តបទដ្ឋានគតិយុទ្ធ ដាក់អនុវត្តវិធានការសុវត្ថិភាព ទេសចរណ៍ (ជំហានទី១) សម្រាប់ដំណាក់កាល វិបត្តិជំងឺកូវីដ១៩ និងផែនការអនុវត្តបន្ត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ឃួង ស្រេង បានគូសបញ្ជាក់ជូន លោក ថោន ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថា “នៅពេលមុននេះ យើងបានទទួលដំណឹងមកថា ខារ៉ាអូខេ ក្លឹបកម្សាន្ត នៅក្នុងរដ្ឋបាលរាជធានីភ្នំពេញ មានការបើកដំណើរការ ឡើងវិញ នេះជាពាក្យចរចាមអារាម ហើយជាការយល់ ច្រឡំ” ។

លោក ឃួង ស្រេង បានបញ្ជាក់ថា “ប្រជាពលរដ្ឋ នៅជុំវិញមូលដ្ឋានរបស់យើង ពុំមានការប្រព្រឹត្តិល្មើសជុំវិញ បញ្ហាការបើក KTV ឬក៏ក្លឹបកម្សាន្តឡើងវិញ នោះទេ ។ ថែមទាំងបានដាក់ផែនការ ដល់បណ្តាខណ្ឌ ទាំង១៤ ដែលមានគណៈបញ្ជាការឯកភាព ខណ្ឌទាំង១៤ ឲ្យយកចិត្តទុកដាក់ និងតាមដានជាប់ ជាប្រចាំទៅលើបញ្ហានេះ” ។

អភិបាលរាជធានីភ្នំពេញ បន្តទៀតថា ម្ចាស់អាជីវកម្មទាំងអស់ ដែលផ្អាកអាជីវកម្ម ក៏បង្វែរគំនិត ទៅបើកជាភោជនីយដ្ឋាន ប៉ុន្តែកំហុសមួយ គឺមិនបានធ្វើលិខិតស្នើសុំ ជាលាយលក្ខអក្សរ មករដ្ឋបាលរាជធានីភ្នំពេញ ។

បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានឲ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្តចំពោះអាជីវករ ទាំងឡាយមានអាជីវកម្ម ជាប់បំរាមឲ្យង្វែរអាជីវកម្មរបស់ខ្លួន មកអាជីវកម្មធម្មតា អាចប្រកបរបរបន្ត បានជាបណ្តោះអាសន្ន ជាជាងការផ្អាករយៈពេលយូរ ធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ និងថែមទាំងអាចជួយលើកកម្ពស់ សេដ្ឋកិច្ចជាតិ ក៏ដូចជារាជធានីភ្នំពេញ ឲ្យប្រសើរឡើង បានមួយកម្រិត ៕ ដោយ ដារាត់

To Top