ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី បានប្រាប់ប្រជាពលរដ្ឋខ្មែរ រស់នៅម៉ាឡេស៊ី ថា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ នឹងមានការហោះហើរ ពីម៉ាឡេស៊ី មកកម្ពុជា ។
យោងតាមហ្វេសប៊ុករបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា «ជើងយន្តហោះពាណិជ្ជកម្ម Malaysian airlines នឹងហោះទៅកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ តាមជើងហោះហើរ លេខ MH ៧៥៤។ នេះគឺជាជើង យន្តហោះពាណិជ្ជកម្មធម្មតា មិនមែនជាជើងយន្តហោះ ពាណិជ្ជកម្មពិសេស ដូចកន្លងមកទេ»។
ស្ថានទូតរៀបរាប់ថា ពលរដ្ឋខ្មែរមុននឹងទិញសំបុត្រ ឬបានទិញរួចហើយ ត្រូវតែប្រាកដថា ៖
ទី១-ត្រូវមានលិខិតឆ្លងដែនមានសុពលភាព។បើលិខិតឆ្លងអស់សុពលភាព (passport ងាប់) ត្រូវទាក់ទង ឬមកស្ថានទូត ដើម្បីទទួលបានការពន្យល់ណែនាំ។
និងទី២-លិខិតឆ្លងដែនត្រូវមានទិដ្ឋាការ (visa) ត្រឹមត្រូវ ឬទិដ្ឋាការនោះអស់សុពលភាព (visa ងាប់) គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ប្រសិនបើ visa អស់សុពលភាពមុនថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ត្រូវទៅដោះស្រាយជាមួយអន្តោប្រវេសន៍ម៉ាឡេស៊ីអោយបានរួចរាល់ជាមុនសិន។
ស្ថានទូត បញ្ជាក់ថា ក្នុងករណីមានគ្រប់លក្ខខណ្ឌខាងលើ ទិញសំបុត្រ online ដោយផ្ទាល់ នៅលើគេហទំព័រក្រុមហ៊ុន Malaysian Airlines ហើយអាចសាកសួ រព័ត៌មានបន្ថែមដោយ WhatsApp ទៅកាន់លេខទូរសព្ទ+60122605359។
ជាងនេះទៅទៀត ទូតកម្ពុជា ប្រចាំម៉ាឡេស៊ី បានផ្ដាំផ្ញើពលរដ្ឋខ្មែរកុំឲ្យជឿតាមការឃោសនារបស់ពួក មេ ខ្យល់ដែលធានាទិញសំបុត្រឲ្យពលរដ្ឋត្រឡប់ទៅវិញ ពីព្រោះកន្លងមក មានពលរដ្ឋខ្លះបានចាញ់បោក មេខ្យល់ខាតបង់លុយកាក់ជាច្រើន ប៉ុន្តែពុំអាចត្រឡប់ទៅវិញបាន៕ដោយ អេង ប៊ូឆេង


