ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលផ្លែឡាមម៉ាស៊ីនកាត់ស្មៅ ដែលខ្លួនកំពុងកាត់ប៉ះ ថ្មបែកផ្លែឡាម រួចហោះមកបុកចំថ្ងាស។
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង ១៦ល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមការផ្សព្វផ្សាយ ក្នុងហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
បើតាមរបាយការណ៍ របស់អាជ្ញាធរស្រុកអូរជុំបាន បញ្ជាក់ថាជនរងគ្រោះខាងលើ មានឈ្មោះយ៉ែក ហឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ទំពួន មុខរបរធ្វើចំការ មានទីលំនៅភូមិកាម៉ែនតូច ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី ។
មុនពេលកើតហេតុ យុវជនរូបនេះ បានទៅកាត់ស្មៅស៊ីឈ្នូលឲ្យឈ្មោះ ភើន ប្លាន់ នៅភូមិជាមួយគ្នា នៅចំការខាងជើង ភូមិការម៉ែនតូច ចម្ងាយប្រហែល ៣គីឡូម៉ែត្រ ។ ពេលគាត់កំពង់កាត់ស្មៅ ស្រាប់តែឡាមម៉ាស៊ីន កាត់ស្មៅប៉ះថ្ម បណ្តាលឲ្យបែកផ្លែឡាមមួយកំណាត់ហោះបុក ត្រូវចំក្បាលពីខាងមុខលើថ្ងាស បណ្តាលឲ្យដួលស្លាប់តែម្តង។
បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ច មូលដ្ឋានបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី៕