ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន ព្រមានអាជ្ញាធរមូលដ្ឋាន មិនត្រូវបើកដៃឲ្យកាប់ទន្ទ្រានព្រៃ យកដីរដ្ឋដោយខុសច្បាប់

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើការព្រមានដល់អាជ្ញាធរ មូលដ្ឋានដែលមានតួនាទី ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃ ឲ្យមានការកាប់រានព្រៃឬ ដុតឆ្ការព្រៃ ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដោយស្នើសុំកាត់ឆ្វៀលដី រំលោភទន្ទ្រានឲ្យក្រុមជនខិលខូចនោះទេ។

ក្នុងកិច្ចប្រជុំស្តីពី ការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តរតនគិរី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោកសាយ សំអាល់ បានថ្លែងថា នៅខេត្តរតនគិរី នៅតែមានការ ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ កើតមានឡើង នៅក្នុងតំបន់ការពារធម្មជាតិ ហើយមានការជាប់ព័ន្ធ នឹងអាជ្ញាធរមូលដ្ឋានខ្លះ ដូចជាមេភូមិ មេឃុំជាដើមដែល នៅបន្តបំពានច្បាប់ ចុះហត្ថលេខាលើលិខិតទិញ និងលក់ដី និងការចុះហត្ថលេខា បញ្ជាក់ពីការកាន់កាប់ដី ដោយខុសច្បាប់ ទោះបីជាមានការផ្សព្វផ្សាយ អប់រំណែនាំជាច្រើនលើកច្រើនសា រួចមកហើយពីសំណាក់ មន្ត្រីជំនាញយ៉ាងណាក៏ដោយ។

ទាប់ទងជាមួយបញ្ហានេះ លោកសង្កត់ធ្ងន់ថា “អាជ្ញាធរមូលដ្ឋាន ដែលមានតួនាទី ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃ ឱ្យមានការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដៃរដ្ឋ ដោយខុសច្បាប់ ហើយស្នើសុំកាត់ឆ្វៀលដី រំលោភទន្ទ្រានទាំងនោះ ឱ្យក្រុមជនខិលខូចឡើយ នេះជាទង្វើខុសច្បាប់ ហើយចាំបាច់ ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ដោយគ្មានការលើកលែងឡើយ”។

លោកឲ្យដឹងទៀតថា ជនដែលរំលោភបំពានទន្ទ្រាន កាន់កាប់ដីរដ្ឋ តែងតែត្រូវបានប្រឈមមុខ ជាមួយច្បាប់ ដោយចាំបាច់ ត្រូវតែអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹងបំផុត ដើម្បីប្រឆាំងនឹងការរំលោភ បំពាននេះ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋ ខ្វះដីពិតប្រាកដ ត្រូវដាក់ពាក្យ ស្នើសុំដីសម្បទានសង្គមកិច្ច ជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយប្រសិនបើមានកំណើនប្រជាជន ក្នុងឃុំ-ស្រុក ឬមានបំណង ចង់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ អាជ្ញាធរអាចលើកជាគម្រោង ដើម្បីជជែកពិភាក្សាជាមួយមន្ត្រីជំនាញ។

លោកបន្ថែមថា ត្រូវញែកឲ្យដាច់ រវាងការឆ្វៀលដីភូមិដ្ឋានចាស់ ដែលពលរដ្ឋរស់នៅស្រប តាមគោលការណ៍ស្បែកខ្លា និងស្នើសុំកាត់ឆ្វៀលដី ដែល បានមកពីការទន្ទ្រាន កាន់កាប់ដីរដ្ឋដោយខុសច្បាប់។

លោកបន្ថែមទៀតថា ករណីស្នើសុំកាត់ឆ្វៀលដី ដែលបានមកពីការទន្ទ្រាន កាន់កាប់ដីរដ្ឋដោយខុសច្បាប់ ជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមមុខនឹងច្បាប់៕ ដោយ៖ធី លីថូ

To Top