ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម បំផុសចលនា ដាំកូនឈើឡើងវិញ កាត់បន្ថយគ្រោះរាំងស្ងួត

ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានជំរុញក៏ដូចជា បំផុសចលនាឲ្យប្រជាពលរដ្ឋដាំកូនឈើឡើងវិញ ដើម្បីកាត់បន្ថយនូវគ្រោះធម្មជាតិ ជាពិសេសគ្រោះរាំងស្ងួត។

ក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត ឆ្នាំ២០២០ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោកវេង សាខុន បានថ្លែងថា “សូមបំផុសចលនាដាំកូនឈើឡើងវិញ ដើម្បីកាត់បន្ថយនូវគ្រោះធម្មជាតិ ជាពិសេសគ្រោះរាំងស្ងួត ដែលងាយនឹងជួបហានិភ័យដល់ផលដំណាំ របស់បងប្អូនប្រជាពលរដ្ឋ”។ 

ក្នុងឱកាសនោះលោកក៏បានអំពាវនាវ ដល់ប្រជាកសិករទាំងអស់ត្រូវចូលរួម និងអនុវត្តតាមការណែនាំរបស់មន្ទីរ ក៏ដូចជា ការិយាល័យកសិកម្មស្រុក ក្នុងការប្រើប្រាស់ជីសរីរាង្គណាមួយ ដើម្បីឲ្យដីដែលធ្លាក់ចុះគុណភាព មានភាពល្អប្រសើរឡើងវិញ និងទទួលបានទិន្នផលខ្ពស់ ព្រមទាំងការចូលរួមដាំកូនឈើ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនផង សហគមន៍ផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ ជាពិសេសកាត់បន្ថយនូវគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។ 

លោករដ្ឋមន្រ្តីក៏បានជម្រុញ ឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តបណ្តុះនូវកូនឈើប្រណិត និងកូនឈើហូបផ្លែបន្ថែមទៀត សម្រាប់ត្រៀមទុកចែកជូនដល់ប្រជាពលរដ្ឋ និងអង្គភាពផ្សេងៗផងដែរ។

លោកសង្កត់ធ្ងន់ថា ត្រូវបង្កើនការអប់រំនិងណែនាំដល់ប្រជាកសិករតាមរយៈកម្មវិធីដែលបានបង្ហាញពីសារៈសំខាន់ នៅក្នុងការប្រើប្រាស់ជីសរីរាង្គដែលធ្វើឲ្យដីមានគុណភាពល្អ និងទទួលបានទិន្នផលខ្ពស់៕ដោយ៖ធី លីថូ

To Top