នយោបាយ

UN សសើរកម្ពុជា ដែលសរសេរ របាយការណ៍ សិទ្ធិមនុស្ស បានយ៉ាងល្អ និងទាន់ពេលវេលា

ភ្នំពេញ ៖ លោកជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា តំណាងការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិ (UN) ទទួលសិទ្ធិមនុស្សប្រចាំ នៅកម្ពុជា បានកោតសរសើរចំពោះកម្ពុជា ក្នុងការសរសេររបាយការណ៍ ទាក់ទងនឹងសិទ្ធិមនុស្ស ជាពិសេសបានដាក់របាយការណ៍សិទ្ធិ មនុស្សទៅអង្គការសហប្រជាតិ បានទាន់ពេលវេលា ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួប រវាងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Pradeep Wagle តំណាងការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិ (UN)ទទួលសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០លោកជិនម៉ាលីនបានថ្លែងថា ក្នុងកិច្ចការងាររបាយការណ៍សិទ្ធិមនុស្សគឺ ឧត្តមស្នងការ អង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ និងកោតសសើរ នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាសមិទ្ធផលរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណ:កម្មាធិការសិទ្ធិមនុស្សជា សេនាធិការ ។

លោកបញ្ជាក់ថា “បានន័យថា យើងសរសេររបាយការណ៍ បានទាន់ពេល យើងបានដាក់របាយការណ៍ ទៅអង្គការសហប្រជាជាតិបានទាន់ពេល ហើយយើងបានចូលរួមយ៉ាងសកម្ម ក្នុងការទៅធ្វើបទបង្ហាញ និងការពារនូវរបាយករណ៍ទាំងអស់នោះ នៅលើឆាកអន្តរជាតិជាពិសេស នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ “។

លោកបញ្ជាក់ថា របាយករណ៍សិទ្ធមនុស្សនៅកម្ពុជា ទាំងប៉ុន្មាន មិនមែន ស្ថិតនៅក្រោម ការទទួលខុសត្រូវរបស់គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា តែម្នាក់ឯងទេ ដោយរបាយការណ៍សិទ្ធិមនុស្ស ខ្លះមានការពាក់ព័ន្ធជាមួយវិស័យផ្សេងៗ នោះគឺស្ថិតនៅក្រសួងស្ថាប័នជំនាញផ្សេងផងដែរ។

លោកបន្ថែមថា ចំពោះគណ:កម្មាធិការសិទ្ធិមនុស្ស គឺទទួលតែរបាយការណ៍ចំនួន៥ប៉ុណ្ណោះ ។ របាយការណ៍ទាំងនោះរួមមាន៖ទី១-គឺទាក់ទងការរើសអើង ពូជសាសន៍,ទី២-ទាក់ទងសិទ្ធិសេដ្ឋកិច្ច ,ទី៣-សង្គមនិងវប្បធម៌ ,ទី៤-ទាក់ទងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ,និងទី៥-ពាក់ព័ន្ធការបាត់ខ្លួនដោយបង្ខំ។

អ្នកនាំពាក្យបន្ថែមទៀតថា ក្រៅពីរបាយការណ៍ចំនួន៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងរាជរដ្ឋាភិបាល ផ្នែកសិទ្ធិមនុស្ស មានភារកិច្ចក្នុងការការពារ របាយការណ៍ទូទៅមួយទៀត (UPR) ដែលទាក់ទងនឹងសិទ្ធិមនុស្ស ទូទៅគ្រប់ស្ថាប័ននានារបស់រដ្ឋ។

ក្នុងឱកាសនោះលោកជិន ម៉ាលីន បញ្ជាក់ថា តំណាងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានស្នើសុំដល់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ជួយសម្រួលដល់ស្ថាប័ននានា ក្នុងការជំរុញដល់ការដាក់របាយការណ៍ ឲ្យបានទាន់ពេលវេលាផងដែរ។

លើសពីនេះទៀត លោកបន្ថែមថា ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា គ្រោងនឹងជួយដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាជំនួយបច្ចេកទេស ឬជួយសម្រួលដល់ភាគីពាក់ព័ន្ធ ក្នុងការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិ តាមតម្រូវការ របស់UN ចំពោះរដ្ឋជាសមាជិក របស់UNទាំងអស់ មិនមែនតែកម្ពុជានោះទេ ៕ ដោយ៖ធី លីថូ

To Top