ព័ត៌មានជាតិ

UNWTO៖ កម្ពុជាជាប្រទេស អាទិភាព ទទួលជំនួយ ស្តារទេសចរណ៍ ឡើងវិញ

ភ្នំពេញ៖ គណៈកម្មាធិការអង្គការទេសចរណ៍ ពិភពលោក នៃអង្គការសហប្រជាជាតិ (UNWTO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណ បានចាត់ទុកកម្ពុជា ជាប្រទេសដែលមានអាទិភាព ក្នុងការទទួលជំនួយបច្ចេកទេស ក៏ដូចការគាំទ្រផ្សេងៗពី UNWTO ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ឡើងវិញ នៅ ក្រោយវិបត្តិកូវីដ១៩។

នេះបើយោងតាម កិច្ចប្រជុំលើកទី៣២ តាមប្រព័ន្ធ Video Conference កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការ UNWTO បណ្តាប្រទេសជាសមាគម បានពិភាក្សា និងមានការ លើកឡើងជាច្រើនពីកម្ពុជា ជាពិសេសការជំរុញឲ្យកម្ពុជាទទួលបានជំនួយបច្ចេកទេស និងការគាំទ្រនានា ទៀតពី WTO ដើម្បីស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩។

ក្នុងឱកាសនោះ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងដំណើរការនៃប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគ កូវីដ១៩ កម្ពុជាបានអនុវត្តតាម UNWTO និងគណៈកម្មការអន្តរក្រសួងរបស់ រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់អ្នកសង្ស័យមានកូវីដ១៩ឲ្យស្នាក់នៅដាច់ដោយឡែក និងការរក្សាគន្លាតសង្គម ។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ ក៏បានដាក់ចេញ នូវវិធានសុវត្ថិភាពទេសចរណ៍នៅជំហានទី១ បន្ថែម លើវិធានទប់ស្កាត់កូវីដ១៩ របស់ក្រសួងសុខាភិបាល និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យកម្ពុជាធានាបានការទប់ស្កាត់ការរីករាលដាលមេរោគ កូវីដ១៩ ប្រកបដោយប្រសិទ្ធភាព៕ដោយ៖ធី លីថូ

To Top