ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការងារ ធ្វើអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ តាមការស្នើសុំ (OD IDpoor) ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ បានស្នើឱ្យមន្រ្តីពាក់ព័ន្ធ ផ្តល់ប័ណ្ណសមធម៌ ជូនគ្រួសារក្រីក្រ ដោយមិនរើសអើង និន្នាការនយោបាយ តាមអនុសាសន៍ ប្រមុខរាជរដ្ឋាភិបាល។
ក្នុងកិច្ចប្រជុំខាងលើនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យមន្រ្តីដែលមានភារកិច្ចពិនិត្យ និង វាយតម្លៃក្នុងការធ្វើអត្តសញ្ញាណកម្ម ផ្តល់ប័ណ្ណសមធម៌ ជូនគ្រួសារក្រីក្រ ទូទាំងរាជធានីភ្នំពេញ ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវតួនាទី ភារកិច្ច ដោយប្រកាន់យកតម្លាភាព សុក្រិត្យភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនគិតពីនិន្នាការ នយោបាយនោះឡើយ គឺប្រជាពលរដ្ឋក្រីក្រ ពិតប្រាកដ ក្នុងមូលដ្ឋាន ត្រូវតែទទួលបាន ការឧបត្ថម្ភយ៉ាងពិតប្រាកដ ពីរាជរដ្ឋាភិបាល ។
លោកអភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា “ការធ្វើប័ណ្ណសមធម៌ ជូនប្រជាពលរដ្ឋក្រីក្រ ត្រូវតែច្បាស់លាស់ ចំទិសដៅដូចប្រសាសន៍ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ក្នុងគោលដៅ ជួយសម្រួលការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ គឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយ ដោយអាជ្ញាធរមិនបានដឹងនោះទេ”។
លោក ឃួង ស្រេង បន្ថែមថា មន្រ្តីពាក់ព័ន្ធទាំងអស់ ជាពិសេស អាជ្ញាធរខណ្ឌទាំង១៤ និង សង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ រាល់ការចូលរួមពិនិត្យវាយតម្លៃ នូវលិខិតស្នើសុំប័ណ្ណសមធម៌ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវតែច្បាស់ថា ពលរដ្ឋនោះក្រីក្រពិតប្រាកដ កុំឱ្យមានលេចចេញ នូវបាតុភាពណាមួយកើតឡើង ដោយកិច្ចការបំភ័ន្ត បក្សពួក បងប្អូន គ្រួសារ មនោសញ្ចេតនា មន្រ្តីក្រោមឱវាទរបស់ខ្លួន ដែលមិនស្ថិតនៅក្នុងបន្ទាត់ក្រីក្រី ផ្ទុយពីគោលការណ៍ របស់រាជរដ្ឋាភិបាល ធ្វើឱ្យប៉ះពាល់ ដល់អារម្មណ៍ ប្រជាពលរដ្ឋក្រីក្រ ដែលត្រូវទទួលបានការឧបត្ថម្ភ។
លោកបញ្ជាក់ថា “បើចង់ជួយដល់មន្រ្តី ឬ ក្នុងមានមនោសញ្ចេតនា អាណិតអាសូរ ត្រូវតែប្រើប្រាស់ យន្តការដោះស្រាយ ក្នុងកម្រិតរដ្ឋបាលខណ្ឌ ដោយផ្ទាល់ ប៉ុន្តែបើខណ្ឌគ្មានលទ្ធភាព ដោះស្រាយ ត្រូវបន្តបញ្ជូនមក ថ្នាក់រាជធានី ដើម្បីចាត់វិធានការ ជួយសម្រួល ឲ្យបានសមស្រប នឹងតាមលទ្ធភាព”។
សូមរំលឹកថា ដំណើរការកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ និងការអនុញ្ញាតឧបត្ថម្ភ សាច់ប្រាក់ជូនស្រ្តី មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅរាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានឲ្យដឹងថា គិតមកដល់ពេលនេះ គឺស្ទើតែគ្រប់ខណ្ឌ និងសង្កាត់ទាំងស្រុងទៅហើយ នៅសេសសល់មួយចំនួន ដោយសារមាន ករណីមរណភាព ឈ្មោះស្ទួន និង កិច្ចការបច្ចេកទេស មួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែបញ្ហានេះ មន្រ្តីគ្រប់ភាគីពាក់ព័ន្ធ កំពុងមមាញឹកដោះស្រាយដោយ តម្លាភាព ទន់ភ្លន់ និងសុក្រិត្យផងដែរ៕