ស្វាយរៀង ៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ បានរកឃើញសារធាតុគីមី ដាក់គុយទាវសរសៃធំ ៥គីឡូក្រាម និងទំនិញគុណភាពមួយចំនួន នៅក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាប។
ការរកឃើញនេះ ខណៈដែលលោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង ចុះពិនិត្យមុខទំនិញ នៅផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្នុងគោលបំណង ស្វែងរកសារធាតុគីមី ដែលតាំងលក់នៅលើបន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ និងទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ។
លោក ផឹង និល បានថ្លែងថា សកម្មភាពចុះត្រួតពិនិត្យនៅផ្សារប្រសូត្រនេះ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគបរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញ និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន ៣៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា «ជាលទ្ធផលក្រោយពីការអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មានដូចជា៖ ត្រីខកំប៉ុងចំនួន ២០កំប៉ុងស្មើរ២០kg ទឹកក្រូចម៉ាកXLចំនួន៤កេះ និងម្ទេសឆាចំនួន២០កំប៉ុង ប័រចំនួន១៥កំប៉ុង សារតេចំនួន១០កំប៉ុង គុយទាវសរសៃធំ ចំនួន៥kg(មានសារធាតុគីមីborax) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះ យកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោល នៅពេលក្រោយ»។
លោក ផឹង និល បានបញ្ជាក់ទៀតថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ទីរពាណិជ្ជកម្មខេត្ត នឹងបន្តចុះពិនិត្យមុខទំនិញ ឲ្យបានដូចភ្លៀងរលឹម ដើម្បីស្វែងរកសារធាតុដែលហាមឃាត់ (សារធាតុគីមី) ដែលធ្វើឲ្យអ្នកបរិភោគប៉ះពាល់ដល់សុខភាព និងស្នើឲ្យអាជីវករចូលរួមសហការ ជាមួយមន្ត្រីជំនាញ ក្នុងការចុះត្រួតពិនិត្យទំនិញផ្សេងៗ គ្រប់ភេទនៅតាមទីផ្សារក្នុងខេត្តផងដែរ ៕