ភ្នំពេញ៖ លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សាផ្នែកសុវត្ថិភាពចរាចរណ៍ តំណាងដ៏ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជានាយក ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករ និយោជិត (ស.ផ.ក.) និងជាសមាជិក គណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានលើកឡើងថា ឆមាសទី១នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ លើរថយន្តដឹកកម្មករ និយោជិត បានកើតឡើង ចំនួន ៨ករណី និងបង្កឲ្យមានជនរងគ្រោះចំនួន ២២៣ នាក់មូលហេតុបង្ក ឱ្យមានគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក រួមមានការបើកបរ លើសល្បឿនកំណត់ ៣៥% មិនគោរពសិទ្ធិអាទិភាព ២៧% ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ១៨% បត់ខ្វះការប្រុងប្រយ័ត្ន ៩% មិនប្រកាន់ស្តាំ ៥% លក្ខណៈបច្ចេកទេសយានយន្ត ១.៨% កត្តាផ្លូវ ២% និងផ្សេងៗ ២.២%។
លោក ទីប្រឹក្សាផ្នែកសុវត្ថិភាពចរាចរណ៍ បានលើកឡើងបន្តថា ដោយសារតែ ករណីល្មើសនេះដែរ បានធ្វើឲ្យមានកម្មករ កម្មករិនីយើងរងគ្រោះចំនួន ២២៣ នាក់ ស្លាប់ចំនួន ២ នាក់ របួសធ្ងន់ចំនួន ៣២ នាក់ របួសស្រាលចំនួន ១៨៩ នាក់) គ្រោះថ្នាក់កើតឡើង ដោយរ៉ឺម៉កចំនួន ២ ករណី ជនរងគ្រោះ ២ នាក់ គ្រោះថ្នាក់កើតឡើង ដោយកង់ចំនួន ៣ ករណី ជនរងគ្រោះចំនួន ៣ នាក់និង គ្រោះថ្នាក់ដោយថ្មើរជើង មានចំនួន ១៨ ករណី ជនរងគ្រោះចំនួន ១៨ នាក់ ។
សូមបញ្ជាក់ថា ការលើកឡើងខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងសាលប្រជុំធំ នៃបេឡាជាតិសន្តិសុខសង្គម ក្នុងកិច្ចប្រជុំមួយស្តីពីលទ្ធផលការងារ សម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារ អនុវត្តន៍បន្ត របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករ និយោជិត នាព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំជូត ទោសស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ ៕







