ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានបន្តធ្វើការព្រមានលើមានមន្រ្តីខិលខូចណា នៅតែបន្តឃុបឃិតគ្នាយកដីរដ្ឋនិងរំលោភយកដីរបស់ប្រជាពលរដ្ឋ នឹងត្រូវប្រឈមជាមួយការដកហូតមុខតំណែងចោល និងបណ្ដេញចេញពីគណបក្ស ប្រជាជនកម្ពុជាភ្លាមៗ គឺមិនបណ្តែតបណ្តោយឡើយ។
ការប្រកាសរបស់សម្តេចតេជោ ក្រោយមានការ ទាក់ទិនបញ្ហាទំនាស់ដីធ្លីនៅស្រុក គាស់ក្រឡ ខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ ជាមួយអ្នកមានអំណាច និងអាជ្ញាធរខេត្ត។ ក្នុងនោះបន្ទាប់ពីមានរឿងអង្គភាពប្រឆាំង អំពើពុករលួយក៏បាននាំខ្លួនឧកញ៉ាម្នាក់ និងអភិបាលរងខេត្តបាត់ដំបងម្នាក់ យកទៅសួរនាំផងដែរ ។
កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចតេជោ បាន ប្រកាសដកហូតតំណែងមន្រ្តីខិលខូចក្នុងជួររាជ រដ្ឋាភិបាលជាច្រើន ដោយហេតុ ពួកគេមិនបានគោរពនិងធ្វើតាមអភិក្រមទាំង៥ដែលសម្ដេចបាន ដាក់ចេញ។
ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា
ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់ដាច់ខាតកុំឲ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់ ដើម្បីបង្ការ កុំឲ្យក្លាយជាសង្រ្គាមដីធ្លី។
សម្ដេចបញ្ជាក់ថា ចំពោះករណីទំនាស់ដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រសួងស្ថាប័នពាក់ព័ន្ធនិង រដ្ឋបាល ខេត្តត្រូវដកហូតត្រឡប់មកវិញនូវដីដែល បុគ្គលឈ្មោះ សង ថន បានទន្ទ្រានរំលោភយកដោយ ខុសច្បាប់ និងត្រូវប្រគល់ឲ្យរដ្ឋបាលខេត្តបាត់ដំបងគ្រប់គ្រងនិងរក្សាទុកសម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ក្នុងគោលដៅសម្បទានសង្គមកិច្ច។
សម្ដេចនាយករដ្ឋមន្រ្តីបន្ថែមថា “ដំណាក់កាលនេះ ជាពេលដែលត្រូវ ធវើការវះកាត់រាល់ជនខិលខូចទាំងឡាយណាដែលឃុបឃិតគ្នាយកដីរដ្ឋនិងដីរបស់ប្រជាពលរដ្ឋ ហើយប្រើកលល្បិចផ្សេងៗ គឺត្រូវផ្តន្ទាទោស ហើយនឹងឈានដល់ការដកហូតមុខតំណែង បណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្តង”។
សម្ដេចសង្កត់ធ្ងន់ថា ចំពោះបណ្ណកម្មសិទ្ធិដីធ្លីទាំងឡាយណាដែលចេញពីអំពើរទុច្ចរឹត គឺត្រូវធ្វើមោឃភាពចោល(ចាត់ទុកជាអសាបង់ ឬមិនបានការ)។
លើសពីនោះទៀតសម្ដេចក៏បានចេញបទបញ្ជា និងបញ្ជាក់ច្បាស់ៗទៅរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី គឺត្រូវតែកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ ដែលបានមករស់នៅលើទីតាំងដី ដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម… ដែលមានពលរដ្ឋ បានមកធ្វើផ្ទះរស់ នៅជាងដប់ម្ភៃឆ្នាំមកហើយ ៕ដោយ៖ធី លីថូ