ព័ត៌មានជាតិ

កម្ពុជាយល់ថា ច្បាប់ការពារសន្ដិសុខជាតិចិននៅ ហុងកុងគឺធានាសណ្ដាប់ធ្នាប់ ផលប្រយោជន៍សាធារណៈចិន

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការយល់ឃើញថា ច្បាប់ស្តីពី ការពារសន្តិសុខជាតិ នៅតំបន់រដ្ឋបាលពិសេស ហុងកុង (HKSAR) របស់ប្រទេសចិន គឺដើម្បីធានា សណ្ដាប់ធ្នាប់ និងផលប្រយោជន៍សាធារណៈរបស់ចិន ដោយមិនអនុញ្ញាតឲ្យ បរទេសមកញុះញុង។

ថ្មីៗនេះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានអនុម័ត ច្បាប់ស្តីពីការពារសន្តិសុខជាតិ នៅក្នុងតំបន់រដ្ឋបាល ពិសេស ហុងកុង (HKSAR) ហើយច្បាប់សន្តិសុខជាតិថ្មី មាន៦ជំពូក និង៦៦មាត្រា បានចែងពី ទោសឧក្រិដ្ឋបួនប្រភេទ រួមមាន៖ សកម្មភាពបំបែក រដ្ឋ ,វិទ្ធង្សនាប្រឆាំងរដ្ឋអំណាច ,ភេរវកម្ម និងការ ឃុបឃិតជាមួយបរទេស ក៏ដូចជាកម្លាំងនៅខាងក្នុងស្រុក បំផ្លាញដល់សន្តិសុខជាតិ។

លោក ផៃ ស៊ីផាន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ថា ហុងកុង នៅក្នុងដែនអធិតេយ្យភាពរបស់ចិន ហើយរដ្ឋាភិបាលចិន មានការទទួលខុសត្រូវផ្ដាច់មុខ ចំពោះកិច្ចការពារឯករាជ្យភាពរបស់ខ្លួន។

លោកមានប្រសាសន៍ថា «ច្បាប់នេះ គឺគ្រាន់តែការ បញ្ជាក់សារជាថ្មីម្ដងទៀត គឺមិនអនុញ្ញាត បំបែកខ្លួនចេញពីប្រទេសចិនទេ ទោះជាយ៉ាងណាក៏ដោយ»។

លោកបន្ដថា «ការបង្កើតច្បាប់នេះ គឺជាមូលដ្ឋានកិត្តិយុទ្ធក្នុងការប្រើប្រាស់ ដើម្បីធានាសណ្ដាប់ធ្នាប់ផលប្រយោជន៍ សាធារណៈរបស់ចិន ហើយមិនអនុញ្ញាតឲ្យអ្នកក្រៅណា មកញុះញុង មកបំផ្លិចបំផ្លាញប្រជាជាតិ និងដែនអធិតេយ្យភាពរបស់ចិន»។

បន្ថែមពីនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា ការអនុម័តច្បាប់ស្តីពី ការពារសន្តិសុខជាតិ មានផលចំណេញតាមផ្លូវច្បាប់ ហើយប្រជាពលរដ្ឋហុងកុង បានយល់ច្បាស់ថា ហុងកុង ជាអធិតេយ្យភាពរបស់ចិន ជាពិសេសច្បាប់នេះ ការពារសន្ដិសុខផងដែរ។

អ្នកនាំពាក្យរៀបរាប់ថា ប្រជាពលរដ្ឋហុងកុង និងចិន នឹងរស់នៅក្រោមអធិតេយ្យភាពរបស់ចិន ការពារដោយច្បាប់របស់ចិន ពីព្រោះជនជាតិទាំងអស់នឹង មិនមែនជាជនជាតិបរទេស គឺជាជនជាតិចិន។

បើតាមប្រធានាធិបតីចិន ច្បាប់ដាក់ទោសព្រហ្មទណ្ឌ ដល់អ្នកណាម្នាក់នៅទីក្រុងហុងកុង ដែលប្រឆាំងអាជ្ញាធរ របស់ទីក្រុងប៉េកាំង។

ជាមួយគ្នានេះក្រុមអ្នកជំនាញនយោបាយស៊ូដង់ បានលើកឡើងថា ច្បាប់នេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅ រកការធានាគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” ។ នេះបើតាមសារព័ត៌មានចុះផ្សាយ ៕

ដោយ អេង ប៊ូឆេង

To Top