ភ្នំពេញ ៖ បន្ទាប់លោក កឹម សុខា បានដើរកំសាន្តអារម្មណ៍ ចេញពីក្រៅផ្ទះទៅលេងចំការ នៅខេត្តត្បូងឃ្មុំ និងកំពង់ចាមកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ហើយមានអ្នករិះគន់ថា លោកគ្មានសិទ្ធិចេញពីក្រៅផ្ទះនោះ ត្រូវបានក្រុមមេធាវីពន្យល់បកទៅវិញថា គឺមាន ដើរហើរគ្រប់យ៉ាងនៅក្នុងប្រទេស លើកលែងតែបរទេស។
លោក ចាន់ ចេន មេធាវីការពារក្តីលោក កឹម សុខា ដែលបានអមដំណើរ ជាមួយលោក កឹម សុខានោះ បានលើកឡើង នៅព្រឹកថ្ងៃទី៦ កក្កដា ថា “ខ្ញុំសូមធ្វើការពន្យល់ អំពីច្បាប់ដល់អស់លោកអ្នកដែលមិនដឹង ឬដឹងហើយធ្វើជាមិនដឹង។ ឯកឧត្តម កឹម សុខា មិនមែនជា ទណ្ឌិត ឬត្រូវបានតុលាការ ផ្តន្ទាទោសពីបទក្បត់ជាតិនោះទេ ហើយពេលនេះ មិនមានច្បាប់ណា ដែលហាម ឯកឧត្តម កឹម សុខា មិនឲ្យចេញក្រៅផ្ទះនោះទេ គឺគេ ហាមមិនឲ្យចេញ ទៅក្រៅប្រទេសតែប៉ុណ្ណោះ” ។
លោកថា ដូច្នេះការដើរហើរ ឬចេញទៅខាងក្រៅផ្ទះគ្រប់ទីកន្លែង នៅក្នុងប្រទេស គឺជាសេរីភាពរបស់ លោក កឹម សុខា ។
ចំណែកមេធាវីម្នាក់ទៀត អ្នកស្រីម៉េង សុភារី លើក ឡើងដែរថា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើប សួរសម្រេចកែប្រែកាតព្វកិច្ច ត្រួតពិនិត្យតាមផ្លូវតុលាការមួយចំនួន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយសម្រេចឲ្យលោក កឹម សុខា ជាប់កាតព្វកិច្ច ៣ចំណុចគឺ៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនកម្ពុជា ។ មានន័យថា លោក កឹម សុខា អាចធ្វើដំណើរ បាននៅ ទូទាំងប្រទេសលើកលែង តែការធ្វើដំណើរទៅក្រៅប្រទេស ។
មិនត្រូវធ្វើសកម្មភាពនយោបាយ ។ មានន័យថា ទោះជា លោក កឹម សុខា មានសិទ្ធិធ្វើដំណើរនៅ ទូទាំងប្រទេសក៏ដោយ តែលោកកឹម សុខា មិនអាចធ្វើសកម្មភាព នយោបាយបានឡើយ និងត្រូវឆ្លើយតប នឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
អ្នកស្រីបន្តថា សរុបមកការធ្វើដំណើរ របស់លោកកឹម សុខា គោរពកាតព្វកិច្ច នៃសេចក្តីសម្រេចរបស់តុលាការ មិនមែនជាការដើរចេញ ពីបន្ទាត់ក្រហមអ្វីឡើយ ៕