ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ប្ដេជ្ញាបន្ដពិគ្រោះយោបល់ ជាមួយអង្គការសង្គមស៊ីវិល ដើម្បីពង្រឹងភាពជាដៃគូ

ភ្នំពេញ៖ ក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ដូច ក្រសួងមហាផ្ទៃបានប្តេជ្ញា នឹងរៀបចំនូវកិច្ចប្រជុំ ពិគ្រោះ យោបល់បន្ដទៀត ជាមួយតំណាងអង្គការសង្គមស៊ីវិល ក្នុងគោលបំណងពង្រឹងភាព ជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាពិសេស ពង្រីកពង្រឹងដំណើរការលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសរួមស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិ ភាក្សាពិគ្រោះយោបល់លើសំណើសុំធ្វើ វិសោធនកម្ម ច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចេញផ្សាយ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ផ្អែកលើលទ្ធផលនៃវេទិកាស្ដីពី ការភាពជាដៃគូររវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិលលើកទី៣ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ហើយតំណាងអង្គការ ប្រមាណ ៥០០ បានស្នើសុំឲ្យរាជរដ្ឋាភិបាល ធ្វើការពិនិត្យនិងពិចារណា លើសំណើសុំធ្វើវិសោធនកម្ម ច្បាប់ស្ដីពី សមាគម និងអង្គការ ដោយលើមូលដ្ឋាននេះ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់ពីគោលបំណង និងហេតុផលក្នុងការ លើកសំណើរធ្វើវិសោធនកម្មច្បាប់នេះ ដោយបានចាប់ ផ្ដើម ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ គឺជាកិច្ចប្រជុំលើកទី៦ និងជាលើក ចុងក្រោយ។

លទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានពិភាក្សា និងពិគ្រោះយោបល់លើមាត្រាចំនួន១៧ ,មាត្រា១ , មាត្រា៣ ,មាត្រា៤ ,មាត្រា៧ ,មាត្រា៩ ,មាត្រា១០ ,មាត្រា១១ ,មាត្រា២០ ,មាត្រា២៤ ,មាត្រា២៥ ,មាត្រា២៦ ,មាត្រា២៧ ,មាត្រា៣០ ,មាត្រា៣១ ,មាត្រា៣២ និងមាត្រា៣៥។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបន្តកិច្ច ប្រជុំលើក ទី៦ ដើម្បីពិភាក្សា និងពិគ្រោះយោបល់លើសំណើ និងអនុសាសន៍របស់អង្គការ សង្គមស៊ីវិល ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្ម ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលដឹកនាំ កិច្ចប្រជុំដោយ លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងារ របស់ រាជរដ្ឋាភិបាលដើម្បីដោះស្រាយសំណើ និងសំណូមពររបស់ អង្គការសង្គមស៊ីវិលដោយ មានការចូលរួមពីសមាជិក ក្រុមការងាររបស់រាជរដ្ឋាភិបាល ព្រមទាំងអង្គការសង្គមស៊ី វិល និងអង្គភាពស្ថាប័ន ពាក់ព័ន្ធជាច្រើនផងដែរ៕

ដោយ៖ អេង ប៊ូឆេង

To Top