កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងប្រាប់ ប្រធានមន្ទីរកិច្ចការនារី ដែលទើបប្រកាសចូលកាន់តំណែង ឱ្យត្រៀមចិត្ត ព្រោះការឡើងតួនាទីនេះ វាជាអំរែក ដែលត្រូវទទួលបន្ទុក លើកិច្ចការជាច្រើន ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម ក្នុងពិធីប្រកាសចូលកាន់តំណែង លោកស្រី ឯម ថាវី ជាប្រធានមន្ទីរ កិច្ចការនារីខេត្តកំពង់ចាម ដោយលោកស្រី ដុក ណារុំ ត្រូវចូលនិវត្តន៍។
លោកអភិបាលខេត្តបានថ្លែងថា < ជាការពិតណាស់ថា ការឡើងតួនាទីទទួល មុខតំណែងថ្មី វាជាការសប្បាយរីករាយ ប៉ុន្តែសូមកុំភ្លេចថា ការទទួលមុខតំណែងថ្មី វាក៏ជាអំរែកយ៉ាងធ្ងន់ ក្នុងការបំពេញភារកិច្ច ខុសអំពីកាលពីនៅឋានៈ ជាអនុប្រធានមន្ទីរ > ។
លោកអភិបាលខេត្តបានថ្លែងបន្តថា ដោយមានគោលនយោបាយដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើអោយសមិទ្ធិផលនានាក្នុងខេត្ត បានបោះជំហានទៅមុខយ៉ាងឆាប់រហ័ស និងមានភាពរីកចំរើន គួរអោយកត់សម្គាល់ដូចជា៖ បានរួមចំណែកគាំទ្រ ការលើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាពរបស់ស្ត្រី និង កុមារ ការផ្តល់សេវាជួយជនរងគ្រោះ ដោយអំពើហិង្សា ប្រកបដោយគុណភាព និង ប្រសិទ្ធភាព។
លោកអភិបាលខេត្តបន្តថា អាស្រ័យដោយមានការប្តេជ្ញាចិត្តខ្ពស់ របស់រដ្ឋបាល ខេត្តកំពង់ចាម ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីរួមចំណែក កាត់បន្ថយភាពក្រីក្រ ពង្រឹងអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិប តេយ្យ ធ្វើអោយស្ថានភាពស្រ្តីក្នុងខេត្តកំពង់ចាម មានការអភិវឌ្ឍ ឈានឡើងជាបន្តបន្ទាប់៕



