ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បុត្រា បុត្រី ចៅប្រុស ចៅស្រី និងមន្ត្រីរាជការ ពុទ្ធបរិស័ទ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ (ហៅ ចំពុះក្អែក) ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ ។
ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើម នៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។
ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅ លើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាល បរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀន ព្រះវស្សា និងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនមានការនិមន្តបិណ្ឌបាត្រនេះ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាពុទ្ធសាសនិក ដែលមានជំនឿ យ៉ាងមុតមាំចំពោះព្រះពុទ្ធសាសនា តែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ នៅតាមទីអាតាមនានាជារៀងរាល់ឆ្នាំ ពេលគង់ចាំព្រះវស្សា រយៈពេល៣ខែនេះ។
អំណោយទេយ្យទាន ដែលត្រូវបានប្រគេនគ្រប់វត្ត នៅបណ្តាខេត្តក្រុង មានចំនួន១២០គូ ហើយក្នុង១គូៗ ដែលយកទៅដាក់នៅតាមបណ្តាវត្ត មានក្នុង១គូៗ មានសម្ភារៈចំនួន ១៣មុខ ក្នុងនោះមាន ទៀនព្រះ វស្សា១គូ,ទឹកដោះគោ១កេស, អូវាន់ទីន ១កេស, មៀនកំប៉ុង ១កេស, ត្រីខ ១កេស, មី១កេសធំ, ស្ករស ១០គីឡូក្រាម, តែ២គីឡូក្រាម, អង្ករ៥០គីឡូក្រាម, ប្រេងម៉ាស៊ូត ៣០លីត្រ, ទឹកក្រូច៥កេស, ទឹកបរិសុទ្ធ៥កេស និងថវិកា ៣០ម៉ឺនរៀល។ នេះចំពោះ គ្រួសាររបស់ សម្តេចគតិព្រឹទ្ធបណ្ឌិត ហ៊ុន សែន ដែលបានយកទៅប្រគេនរួចរាល់ហើយ។
ដោយឡែកព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តជំពុះក្អែក ចំនួន២០៩អង្គ ដោយក្នុងមួយអង្គទទួលបាន ១០ម៉ឺន រៀល, យាយជីតាជី១០៨នាក់ ក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល, លោកអាចារ្យ៨នាក់ ក្នុងម្នាក់ៗទទួល បាន២០ម៉ឺនរៀល និងភ្លេងពិនពាទ្យទទួលបាន ២០ម៉ឺនរៀលម្នាក់ៗ និងសិស្សលោកចំនួន៥០នាក់ ក្នុងម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល ព្រមទាំងសម្ភារៈមួយចំនួនធំ៕