ព័ត៌មានជាតិ

កម្ពុជា ផ្អាកការរៀបចំ ពិធីរុក្ខទិវា ៩ កក្កដា

ភ្នំពេញ៖ ដោយសារហានិភ័យ នៃការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកការរៀបចំ ព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យ គឺការរៀបចំពិធីរុក្ខទិវា ៩ កក្កដា នៅថ្ងៃស្អែកនេះ។ នេះបើតាមការផ្សព្វផ្សាយ ក្នុងហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

៩ កក្កដា ជាទិវាដ៏មហានក្ខត្តឬក្ស ដែលក្រសួងកសិកម្ម តែងតែប្រារព្ធពិធី “រុក្ខទិវា” ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។

បើតាមលោក វេងសាខុន បានរំឭកជូនអំពីទស្សនវិស័យ និងព្រះរាជបញ្ញាញាណ ដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋដែលព្រះអង្គ បានបំផុសចលនាដាំដើមឈើ ហៅថា “រុក្ខទិវា” នេះឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៥២។

ជាមួយគ្នានេះលោករដ្ឋមន្រ្តី ថ្លែងអំណរគុណចំពោះ បណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងដៃគូអភវិឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែក យ៉ាងសកម្មក្នុងការជួយ អភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជា ពិសេសដើម្បីប្រែក្លាយជា “កសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើង ប្រាក់ចំណូលគ្រួសារកសិករ ប្រកបដោយវិបុលភាព និងសុខុមាលភាពរបស់ ប្រជាពលរដ្ឋកម្ពុជា” ៕

To Top