ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបញ្ជាឲ្យអភិបាល រាជធានី-ខេត្ត ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត កុំឲ្យមានការរុករានទន្ទ្រានដី ដោយខុសច្បាប់បន្ដទៀត ដើម្បីបង្ការកុំឲ្យក្លាយ ជាសង្គ្រាមដីធ្លី ។
យោងតាមលិខិតផ្ញើ ទៅអភិបាលរាជធានី-ខេត្ត របស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចស ខេង បានឲ្យដឹងថា បទបញ្ជានេះ អនុវត្តតាមគោលការណ៍ ណែនាំរាជរដ្ឋាភិបាល ដើម្បីជំរុញការកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដីជូនដល់ប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផល ជាក់ស្ដែងប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទទួលឲ្យបានល្អប្រសើរ ។
លិខិតក្រសួងមហាផ្ទៃ ណែនាំដល់រដ្ឋបាល រាជធានី-ខេត្ត ដូចខាងក្រោម ៖
ទី១-ត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងនូវទិន្នន័យ ស្ថិតិប្រជាពលរដ្ឋ និងដីធ្លីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ នៅលើទីតាំងដីដែលស្ថិត នៅក្នុងផែនទីតំបន់ ការពារធម្មជាតិ និងគម្របព្រៃឈើ នៅតាមខេត្តនានា ដើម្បីចាត់ចែងធ្វើការកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដី ជូនពួកគាត់ ព្រមទាំងត្រៀមរៀបចំបម្រុងដី១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍។
ទី២-ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាព ការណ៍វិវត្តន៍ពាក់ព័ន្ធការកាន់កាប់ដីធ្លី របស់ប្រជា ពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ ទប់ស្កាត់កុំឲ្យមាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់បន្ថែមទៀត។
ទី៣-ត្រូវខិតខំអប់រំ ណែនាំ និងបកស្រាយបំភ្លឺ អំពី ស្ថានភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងដោះស្រាយដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយមិនត្រូវជឿតាមការ ញុះញង់ អូស ទាញរបស់មេខ្យល់ ឬជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លីនេះ។
ករណីនេះ ត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបមេខ្យល់ និងជនខិលខូចទាំងនោះ ស្របតាមច្បាប់ជាធរមាន។
ទី៤-ចំពោះទីតាំងដីធ្លីមានទំនាស់ ត្រូវខិតខំ សម្រុះសម្រួលដោះស្រាយដោយសន្តិវិធី តម្លាភាព សុចរិតភាព និងយុត្តិធម៌ ដោយត្រូវចុះជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវ ស្វែងយល់ឲ្យបានច្បាស់លាស់អំពីសាវតាដីទំនាស់ សាវតាប្រជាពលរដ្ឋ និងការទាមទារ តវ៉ារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាមូលដ្ឋានបង្អែកសម្រាប់ទាញហេតុផលក្នុងការសម្រុះសម្រួល និងដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ។
ទី៥-ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឲ្យធ្វើការបញ្ជាក់ ឬចុះហត្ថលេខាលើលិខិត ស្នាម ឬ ឯកសារនានាពាក់ព័ន្ធដីធ្លីឲ្យបានត្រឹមត្រូវតាមច្បាប់ បែបបទ នីតិវិធី និងគោលការណ៍ ណែនាំជាធរមាន។
និងទី៥-ក្នុងការចាត់ចែងអនុវត្តការងារខាងលើនេះ រដ្ឋបាលខេត្តត្រូវរាយការណ៍ និងស្នើសុំយោបល់ ពីក្រសួងរៀបចំដែនដី ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ឲ្យស្របតាមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងពាក់ព័ន្ធនីមួយៗ។
សម្ដេច ស ខេង បញ្ជាក់ថា អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំអប់រំប្រជាពលរដ្ឋឲ្យចូលរួមរក្សាការពារបរិស្ថានធនធានធម្មជាតិ ការពារដីធ្លីសាធារណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការចូលទន្ទ្រាន់កាន់កាប់ដីព្រៃ ការរាន ព្រៃដើម្បីកាន់កាប់ដី ការចូលទន្ទ្រានកាន់កាប់ដីសាធារ ណៈ ដីសហគមន៍ និងដីឯកជន តាមគ្រប់រូបភាព ៕ ដោយ អេង ប៊ូឆេង