ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសេដ្ឋកិច្ច អរគុណដៃគូអភិវឌ្ឍន៍ ដែលបានផ្ដល់ជំនួយមកកម្ពុជា ក្នុងការទប់ស្កាត់ជំងឺ កូវីដ-១៩

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ ចំពោះគ្រប់ដៃគូអភិវឌ្ឍន៍ ដែលបានផ្ដល់ជំនួយហិរញ្ញប្បទានមកដល់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺ កូវីដ-១៩ និងស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺនេះចប់សព្វគ្រប់។នេះបើ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយ ដៃគូអភិវឌ្ឍន៍ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «អរគុណគ្រប់ដៃគូអភិវឌ្ឍន៍ ដែលបានផ្ដល់ជំនួយហិរញ្ញប្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងបង្កការការរាតត្បាតនៃជំងឺ កូវីដ-១៩ និងការ ស្ការ និងជំរុញ កំណើនសេដ្ឋកិច្ច»។

លោកបន្ដថា សម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានធ្វើវិចារណកម្ម ថវិកា ដោយផ្តោតអាទិភាពពិសេស លើការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ កូវីដ-១៩ និងទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចជាតិ។

លោកបន្ថែមថា ការធ្វើវិចារណកម្ម ចំណាយ និងការពង្រឹងប្រសិទ្ធភាពចំណាយនេះ គឺដើម្បី ពង្រឹងការគ្រប់គ្រង ចំណាយបន្ទុកបុគ្គលិក ឲ្យបានម៉ឺងម៉ាត់បំផុត ដោយអនុវត្ត គោលការណ៍ រើសថ្មី ត្រឹមស្មើនឹងចំនួនចូលនិវត្តន៍ ពោលគឺ «រក្សាចំនួនក្របខណ្ឌ មន្ត្រីរាជការស៊ីវិល យោធា និងនគរបាល ដូចនៅក្នុងឆ្នាំ ២០១៩» និងធ្វើវិចារណកម្មចំណាយលើមុខសញ្ញាចំនួន ដែលមិនទាន់ចាំបាច់ ឬមិនទាន់ចំាបាច់ខ្លាំង, មិនសូវប៉ះពាល់សកម្មភាពការងារ និងមានសមាសធាតុនាំចូលខ្ពស់ ឬទាំងស្រុង ដើម្បីយកទៅបំពេញមុខចំណាយចំាបាច់ថ្មីៗ៕ដោយ អេង ប៊ូ ឆេង

To Top