ព័ត៌មានជាតិ

រដ្ឋមន្ដ្រីពាណិជ្ជកម្ម ស្នើឥណ្ឌាផ្ដល់ប្រឹក្សា លើការគ្រប់គ្រង អាហារហាឡាល សម្រាប់ភ្ញៀវ ឥស្លាមនៅកម្ពុជា

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យ ឥណ្ឌាផ្ដល់ប្រឹក្សាយោប ល់លើការគ្រប់គ្រងគុណភាព អាហារហាឡាល (Halal) សម្រាប់ប្រជាជន និងភ្ញៀវអន្ដរជាតិ ឥស្លាម ដែលស្នាក់នៅកម្ពុជា។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបពិភាក្សា និងចូលរួមអាហារថ្ងៃត្រង់ ជាមួយលោកស្រី ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ បានថ្លែងថា «ស្នើសុំជំនួយពីភាគីឥណ្ឌា ផ្ដល់ប្រឹក្សាយោបល់ លើការគ្រប់គ្រងគុណភាព អាហារហាឡាល (Halal) ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងភ្ញៀវអន្ដរជាតិឥស្លាម ដែលនៅប្រទេសកម្ពុជា»។

ឆ្លៀតឱកាសនោះ លោកស្រី ម៉ានីកា ជេន បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង យ៉ាងល្អប្រសើរនូវជំងឺ កូវឺដ-១៩។

នាឱកាសនោះដែរ កម្ពុជា-ឥណ្ឌា បានឯកភាព លើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ទ្វេភាគីរវាងប្រទេសទាំងពីរ ដោយចាប់ផ្ដើមពីការ បង្កើតក្រុមការងាររួម ពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-ឥណ្ឌា៕

To Top