ព័ត៌មានជាតិ

ឆមាសទី១ ឆ្នាំ២០២០ តុលាការខេត្តស្វាយរៀង ដោះស្រាយរាល់សំណុំរឿង ដែលនៅសេសសល់ បានជាច្រើនករណី

ស្វាយរៀង ៖ លោក ទេព ផល្លា ប្រធានលេខាធិការដ្ឋាន រដ្ឋបាលសាលាដំបូង ខេត្តស្វាយរៀង បានដឹងថា ក្នុងការអនុវត្តច្បាប់ រវាងមន្ត្រីតុលាការ អយ្យការនិងមន្ត្រី នគរបាលយុត្តិធម៌ លើការពង្រឹងសន្តិសុខសាធារណៈ បង្ការនិងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ទទួលលទ្ធផល ក្នុងឆមាសទី ១ ឆ្នាំ ២០២០ បានជម្រះសំណុំរឿង បានច្រើនករណី។

លោកទេព ផល្លា បានឲ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំស្តីពីកិច្ចសហការ អនុវត្តច្បាប់រវាងតុលាការ អយ្យការនិងមន្ត្រី នគរបាលយុត្តិធម៌ លើការពង្រឹងសន្តិសុខសាធារណៈ បង្ការនិងបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំន២០២០នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដែលមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមន្ត្រីដែលពាក់ពន្ធ័ ជាច្រើនរូបផងដែរ។

លោកទេព ផល្លា បានបន្តទៀតថា ចំពោះកិច្ចការរឿងក្តីក្នុងឆមាសទី១ ឆ្នាំ២០២០ តុលាការខេត្តស្វាយរៀងសម្រេចបាន*ដំណាក់កាលអយ្យការ សំណុំរឿងដែលនៅសល់ ពីមុនមានចំនួន ៣៤១ រឿងនិងសំណុំរឿងចូលថ្មីមានចំនួន ៣៤១ រឿងហើយសំណុំរឿង ចាត់ការរួចមានចំនួន ៣២២ រឿង ចំណែកសំណុំរឿងដែលសល់ កំពុងចាត់ការមានចំនួន ៣០១ រឿង។

*ដំណាក់ការស៊ើបសួរសំណុំរឿង ដែលសល់ពីមុនមានចំនួន ២១៣ រឿងនិងសំណុំរឿងចូលថ្មីចំនួន ១៧៤ រឿង សំណុំរឿងចាត់ការរួចមានចំនួន ២២១រឿង សំណុំរឿងដែលនៅសល់ កំពុងចាត់ការមានចំនួន ១៦៦ រឿង។

*ដំណាក់កាលជំនុំជម្រះ សំណុំរឿងសល់ពីមុនមានចំនួន ១២៨ រឿង និងសំណុំរឿងចូលថ្មីមានចំនួន ១៨៨ រឿង សំណុំរឿងចាត់ការរួចមានចំនួន ១៦៤រឿង សំណុំរឿងសល់កំពង់ចាមមានចំនួន ១៥២ រឿង។

*អំពីសំណុំរឿងរដ្ឋប្បវេណី សំណុំរឿងសល់ពីមុនមានចំនួន ៣៧៤រឿង សំណុំរឿងចូលថ្មីមានចំនួន ២៦៤ រឿង សំណុំរឿងចាត់ការរួចមានចំនួន ៣០៨រឿងនិងសំណុំរឿងសល់កំពុងចាត់ការមានចំនួន ៣៣០រឿង។

*អំពីសំណុំរឿងអនុវត្តដោយបង្ខំ សំណុំរឿងសល់ពីមុនមានចំនួន ២១៦ រឿង និងសំណុំរឿងចូលថ្មីមានចំនួន ៣៤រឿង សំណុំរឿងចាត់ការរួចមានចំនួន ២៦រឿង ហើយសំណុំរឿងសល់កំពុងចាត់ការមានចំនួន ២២៤ រឿង។

លោក ទេព ផល្លា បានបញ្ជាក់ថា ទោះបីមានការខិតខំប្រឹងប្រែង ក្នុងការសហការរវាងតុលាការ អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការពង្រឹងសន្តិសុខសាធារណៈ បង្ការនិងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ក៏ដោយមន្ត្រីអនុវត្តច្បាប់ របស់យើងនៅមានបញ្ហា ប្រឈមមួយចំនួន៖ ទី១ ការអនុវត្ត សិទ្ធិនិងតួនាទី លើចំណាត់ការរឿងក្តីព្រហ្មទណ្ឌ្ នៅមានចំណុចខ្លះអនុវត្ត មិនទាន់មានការឯកភាពគ្នា អំពីការស្នើសុំរបស់មន្ត្រី នគរបាលយុត្តិធម៌ ក្នុងការភ្ជាប់ខ្លួនចាប់ខ្លួន និងឆែកឆេរមកស្ថាប័ន អយ្យការ។

ទី២ការប្រើប្រាស់ភ្នាក់ងារផ្ដល់ព័ត៌មាន កម្លាំងសម្ងាត់ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន មិនទាន់គោរពលក្ខខណ្ឌត្រឹមត្រូវ តាមច្បាប់កំណត់ឡើយ។

ទី៣ការអនុវត្តដិការចាប់ខ្លួន នៅសេសសល់ដោយសារការផ្ដល់ព័ត៌មាន ពីមូលដ្ឋានមិនបានគ្រប់ជ្រុងជ្រោយ និងការខ្វះមធ្យោបាយសម្ភារៈ។

ទី៤កិច្ចសហការគ្រប់គ្រង មុខសញ្ញា ដែលត្រូវបានដោះលែង ឲ្យជនត្រូវចោទនៅក្រៅឃុំជាបណ្ដោះអាសន្ន និងបានដាក់ឲ្យស្ថិតក្រោម ការត្រួតពិនិត្យ តាមផ្លូវតុលាការគឺនៅខ្វះឆ្លើយតប ពីមន្ត្រីនគរបាលមូលដ្ឋាន តាមលក្ខខណ្ឌ ដែលកំណត់ ដោយតុលាការនៅឡើយ។

ទី៥ការបញ្ជូនអំពីលទ្ធផល ឬការបង្វិល នូវដីកាផ្សេងៗ របស់តុលាការ និងអយ្យការពីសំណាក់មន្ត្រីមូលដ្ឋាន មួយចំនួនមានការយឺតយ៉ាវ និងមិនគ្រប់ជ្រុងជ្រោយ អាចចាត់ការតាមច្បាប់បាន ។

លោកទេព ផល្លា បានបញ្ជាក់ថា ចំពោះទិសដៅសម្រាប់អនុវត្ត នៅពេលខាងមុខ គឺបន្តបើកកិច្ចប្រជុំរបស់តុលាការ អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីពងរឹងសន្តិសុខសាធារណៈបង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងពង្រឹងកិច្ចសហការរវាងតុលាការ អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ លើវិស័យយុត្តិធម៌ព្រហ្មទណ្ឌ បន្តដោះស្រាយជាមួយមន្ត្រី អនុវត្តច្បាប់ទាំងអស់ លើបញ្ហាប្រឈមដែលមិនទាន់បានដោះស្រាយ និងបន្តបើកកិច្ចប្រជុំរវាងតុលាការ អយ្យការនិងមន្ត្រីនគរបាលយុត្តិធម៌ ចាត់តាំងតំណាងអយ្យការ ឲ្យចុះដល់នគរបាលស្រុកក្រុងទាំង ៨ក្នុងការត្រួតពិនិត្យបញ្ជីផ្សេងៗនិងជួយបំប៉នលើការងារជំនាញព្រមទាំងរបៀបនៃការបញ្ជូនដីការបស់តុលាការអយ្យការ។

លោក ទេព ផល្លា បានទៀតថា ជំរុញលើការចាត់ការរកដីការឲ្យបានលឿនទាន់ពេលវេលា តាមច្បាប់កំណត់ ស្របតាមគោលនិយមបំណង ដែលដាក់ចេញដោយគណៈកម្មការ ដឹកនាំយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្ត របស់ក្រសួងយុត្តិធម៌ ដែលហៅកាត់ថា យ.គ.ក.ស នឹងបន្តពង្រឹងសមត្ថភាព ដល់មន្ត្រីតុលាការ អយ្យការនិងមន្ត្រីនគរបាល យុត្តិធម៌បន្ថែមទៀត ធ្វើឲ្យកាន់តែប្រសើរឡើង ក្នុងការបង្ការនិង បង្ក្រាបបទល្មើសព្រហ្មទណ្ឌ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់លើការអនុវត្តច្បាប់ ក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ ឲ្យបានកាន់តែល្អប្រសើរ ថែមទៀត ក្នុងក្របខ័ណ្ឌច្បាប់៕

To Top