ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ មេបញ្ជាការកងទ័ពជើងគោកអាស៊ាន តាមរយៈប្រព័ន្ធ Virtual Conference ដោយមានវត្តមានចូលរួមរបស់មេបញ្ជាការកងទ័ពជើងគោកអាស៊ានទាំង ០៩ ប្រទេសផ្សេងទៀត។
កិច្ចប្រជុំនេះ គឺជាការជួប ប្រជុំលើកដំបូង តាមរយៈប្រព័ន្ធ Virtual Conference ដោយមានការសម្របសម្រួលពី កងទ័ពជើងគោកប្រ៊ុយណេ ដើម្បីពិភាក្សាអំពីការរៀបចំកម្មវិធីបាញ់កាំភ្លើងដៃ កងទ័ពជើងគោកអាស៊ាន (ASEAN Armies Rifles Meet) និងកិច្ចប្រជុំពាក់ព័ន្ធសម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ រួមទាំងការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍អំពីបញ្ហាប្រឈមរួមគ្នា គឺការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលពិភពលោក និងអាស៊ានកំពុងជួបប្រទះ។
ក្នុងបរិបទនៃការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ អំពីវិធានការនានា ដែលរដ្ឋាភិបាល និងកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាននីមួយៗ បានអនុវត្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសអាស៊ានទាំង ១០ បានលើកឡើងអំពីតម្រូវការនៃការជួយគ្នាទៅវិញទៅមក រវាងកងទ័ពជើងគោកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ តាមរយៈការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិធានការឆ្លើយតបទាំងឡាយ ដែលសមស្រប។
មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសអាស៊ានទាំង ១០ ក៏បានឯកភាពគ្នា ក្នុងការផ្អាកការរៀបចំកម្មវិធីបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (ASEAN Armies Rifles Meet) ឆ្នាំ២០២០ ដោយសម្រេចរៀបចំតែកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ASEAN Chiefs of Army Multilateral Meeting) តាមរយៈប្រព័ន្ធ Virtual Conference នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។ ទន្ទឹមនឹងនេះ មេបញ្ជាការកងទ័ពជើងគោកអាស៊ាន ក៏បានឯកភាពគ្នា ក្នុងការណ៍ដែលកងទ័ពជើងគោក នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងកម្មវិធីនានារបស់កងទ័ពជើងគោកអាស៊ាន សម្រាប់ឆ្នាំ២០២១៕

